(ភ្នំពេញ)៖ សាស្ត្រាចារ្យខ្មែរ និងឡាវ បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីអំពីបញ្ញាសប្បនិមិត្ត (AI) ជួយដល់ការបង្រៀនភាសារបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ នាថ្ងៃទី១៤ និងថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ និងការងារហ្វ្រង់កូហ្វូនភ្នំពេញ។

សិក្ខាសាលានេះដឹកនាំដោយលោក Nguyen Van Toan មកពីដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យហាណូយ សំរាប់សាស្ត្រាចារ្យគ្រូបង្រៀនភាសាបារាំងមួយភាគធំមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

អត្ថន័យ និងប្រវត្តិនៃបញ្ញាសប្បនិមិត្ត (AI) ការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងការសន្ទនា និងការបង្រៀន និងអត្ថប្រយោជន៍នៃឧបករណ៏ផ្សេងៗយកមកប្រើប្រាស់សម្រាប់ការរៀបចំកិច្ចការបង្រៀន ការធ្វើវិញ្ញាសារប្រឡង ឬធ្វើតេស្តរួមទាំងសំណេរ និងសម្លេងជាមួយបញ្ញាសប្បនិមិត្តក្នុងការបង្រៀនភាសាត្រូវបានលើកមកបង្ហាញជូនលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យក្នុងសិក្ខាសាលានេះ។

វត្ថុបំណងសំខាន់ៗនៃសិក្ខាសាលារួមមាន៖

*ស្វែងយល់នូវអ្វីដែលហៅថា បញ្ញាសប្បនិមិត្ត (AI) និងសារៈសំខាន់ក្នុងសម័យទំនើប
*ស្គាល់ប្រវត្តិសាស្ត្រ និងការវិវត្តន៍នៃការឆ្លើយឆ្លងតាមសាររបស់ CHATBOT
*ការកំណត់វិធីប្រើប្រាស់ឧបករណ៏សំខាន់ផ្សេងៗរបស់ CHATBOT ដូចជា Claude, ChatGPT, និង Bard
*ស្វែងយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ CHATBOT ក្នុងការបង្រៀនភាសា។

សូមកត់សម្គាល់ថានាដើមសតវត្សទី២១ បញ្ញាសប្បនិមិត្ត (AI) បានក្លាយជាបដិវត្តន៍បច្ចេកវិទ្យា មានការកែប្រែវិស័យជាច្រើន ចាប់តាំងពីឧស្សាហកម្មវេជ្ជសាស្រ្ត និងការដឹកជញ្ជូន។ ចុះតើបញ្ញាសប្បនិមិត្តនេះវិវត្តយ៉ាងដូចម្តេចដែរ ក្នុងវិស័យអប់រំបណ្តុះបណ្តាល? តើបញ្ញាសប្បនិមិត្តនេះអាចប្រើសម្រាប់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យទេក្នុងការអនុវត្តន៍គរុកោសល្យនិងនវានុវត្តន៍? នេះ គឺជាវត្ថុបំណងនៃសិក្ខាសាលាដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងរៀបចំឡើងជាបន្តបន្ទាប់ផ្តោតលើប្រធានបទ ៖ បញ្ញាសប្បនិមិត្ត (AI) ជួយលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យបង្រៀនភាសា។

AI កសាងឡើងដោយប្រព័ន្ធព័ត៌មានវិទ្យាមានសមត្ថភាពកសាងមុខងារទាំងឡាយដែលត្រូវការចាំបាច់នូវបញ្ញារបស់មនុស្ស រាប់ទាំងសមត្ថភាពផ្សេងៗជាច្រើនដូចជាការយល់នូវភាសា ការសិក្សា ការរៀបរៀង-បង្កើត ការដោះស្រាយបញ្ហា និងការសម្រេចចិត្ត។

មតិនិងចំណាប់អារម្មណ៏ខ្លះៗរបស់សិក្ខាកាម៖

*«AI អេអាយ គឺថ្មីទាំងស្រុងសម្រាប់យើង» ប្រសាសន៍របស់អ្នកគ្រូ ស ហៀង សាស្ត្រាចារ្យភាសាបារាំង នៃសាលាតិចណូ។
*«ChatGPT មានសារៈសំខាន់ណាស់ អាចជួយការងារយើងជាច្រើន» ប្រសាសន៍អ្នកគ្រូ ឃឹម ត្រាន់ក្រសិល ទទួលបន្ទុកផ្នែកបង្រៀនភាសាបារាំងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
*«សម្រាប់ខ្ញុំយល់ឃើញថា ChatGPT គឺជាជំនួយការម្នាក់ដ៏មានប្រសិទ្ធិភាពសម្រាប់យើង។ វាជួយយើងឱ្យធ្វើការបានយ៉ាងឆាប់រហ័សក្នុងការរៀបចំតាក់តែងមេរៀនសម្រាប់ការបង្រៀនរបស់យើង» ចំណាប់អារម្មណ៍របស់លោកគ្រូ គុជ ចាន់ប៉ូលី សាស្ត្រាចារ្យបង្រៀនភាសាបារាំង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

នាថ្ងៃចុងក្រោយនៃវគ្គសិក្ខាសាលានេះ វាគ្មិនបានបង្ហាញអំពីឧបករណ៍ជំនួយជាច្រើនទៀតដែលប្រើប្រាស់ជាមួយប្រព័ន្ធ AI (ChatGPT) ក្នុងការតាក់តែង និងវាយតម្លៃបេក្ខជនលើវិញ្ញាសារសរសេរ និងវិញ្ញាសារសម្លេង និងការសន្ទនា ព្រមទាំងបានចែករំលែកការអនុវត្តន៍ល្អៗនិងឆ្លើយឆ្លងសំណួរ ជាច្រើនដែលសិក្ខាកាម និងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យបានលើកឡើងទាក់ទង និងការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវនិងក្រមសីលធម៌បំរើដល់ការបង្រៀនភាសា។

សូមបញ្ជាក់ថាសិក្ខាសាលានេះទាំងពីរវគ្គនេះបង្កើតឡើងដើម្បីផ្តល់ដល់សិក្ខាកាមនូវការបញ្ច្រៀបចូលទាំងស្រុងក្នុងពិភព AI ដែលពាក់ព័ន្ធក្នុងវិស័យអប់រំភាសា។ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យមិនត្រឹមតែទទួលបាននូវចំណេះដឹងជាមូលដ្ឋានរបស់ AI ប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការអនុវត្តន៍ជាក់ស្តែង យល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាដែនកំណត់របស់វា និងបញ្ហាប្រឈមទាំងឡាយលើក្រមសីលធម៌ដែលផ្សារភ្ជាប់ និងការប្រើប្រាស់ប្រព័ន្ធ AI ផងដែរ៕