(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៤ នៅអំឡុងពេលនៃការហ្វឹកហ្វឺននាវិក សកម្មភាពតាមសមុទ្រ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន។

នាឱកាសនេះដែរ មន្ត្រីជាន់ខ្ពស់មូលដ្ឋានសមុទ្រកម្ពុជា បានទទួលស្វាគមន៍ការចូលចតនៃនាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

យោងតាមរាយការណ៍បានបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង២គ្រឿង​នេះ ក៏មានឧទ្ធម្ភាចក្រចូលរួមផងដែរ។

*នាវាទី១៖ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE  ទម្ងន់ផ្ទុក ៤,៦៥០តោន, បណ្ដោយ ១៥០ម៉ែត្រ, ទទឹង១៦.៤ម៉ែត្រ, ជម្រៅទឹក ៤.៨ម៉ែត្រ និងមាននាវិកសរុប ចំនួន ២៦០នាក់។ នាវានេះដឹកនាំដោយលោកវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ ជាមេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន និងលោកវរនាវីទោ កានីម៉ារូ រីយូហៃ ជាមេបញ្ជាការ។

*នាវាទី២៖ ឈ្មោះ DD-114 SUZUNAMI មានទម្ងន់ ៤,៦៥០តោន, បណ្ដោយ១៥១ម៉ែត្រ, ទទឹង១៧.៤ម៉ែត្រ, ម្រៅទឹក ៥.៣ម៉ែត្រ មាននាវិកចំនួន១៧៥នាក់ ដឹកនាំដោយលោកវរនាវីទោ គីណូហ្សីតា យូតាកា ជាមេបញ្ជាការ។

សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺខួប៣២ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា ហើយបើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង៕