(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានផ្សព្វផ្សាយនិងចែករំលែក បទដ្ឋានគតិយុត្តស្តីពី អនុលោមភាពបរិស្ថានសម្រាប់វិស័យឧស្សាហកម្ម ក្នុងន័យពង្រឹងនិងជំរុញការអនុវត្តបទបញ្ញតិ្តជាធរមាន ក្នុងការរួមចំណែកគាំពារបរិស្ថាន ដល់តំណាងរោងចក្រផលិតស្បែកជើង រោងចក្រផលិតផលធ្វើដំណើរ និងស្បែក ប្រមាណជាង ៧០ក្រុមហ៊ុន ក្នុងកម្មវិធីសិក្ខាសាលាកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន និងជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលានេះ បានគូសបញ្ជាក់ថា «បញ្ហាបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ហើយសម្រាប់ការបង្កផលប៉ះពាល់ដល់បរិស្ថានដូចជាវិស័យឧស្សាហកម្ម ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមបទដ្ឋានគតិយុត្ត និងបទបញ្ញតិ្តជាធរមានរបស់ក្រសួងបរិស្ថាន ដើម្បីចៀសវាង និងកាត់បន្ថយការបំពុលដល់បរិស្ថាន»

អនុលោមភាពក្នុងការអនុវត្តច្បាប់ និងបទបញ្ញតិ្តជាធរមានសម្រាប់វិស័យឧស្សាហកម្មជា រួមមាន ការស្នើសុំកិច្ចសន្យាការពារបរិស្ថាន លិខិតអនុញ្ញាតបញ្ចេញកាកសំណល់រឹង រាវ ភក់ កាកសំណល់គ្រោះថ្នាក់ ការបំពុលខ្យល់ និងការរំខានដោយសម្លេង ក៏ដូចជាកាតព្វកិច្ចរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានក្នុងទីតាំង និងបានសង្កត់ធ្ងន់ផងដែរ ដល់ផលវិបាកនៃការប្រឈម និងទណ្ឌកម្មរដ្ឋបាល ព្រមទាំងទណ្ឌកម្មព្រហ្មទណ្ឌ ចំពោះការគេចវេស ឬមិនបានអនុវត្តត្រឹមត្រូវតាមការកំណត់។

សូមជម្រាបថា សិក្ខាសាលានេះ សហការដោយក្រសួងបរិស្ថាន រៀបចំដោយផ្ទាល់នៅសាលប្រជុំជាន់ទី៦ អគារ Gateway និងតាមប្រព័ន្ឋវីដេអូដល់សិក្ខាកាមដែលជាសមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ប្រមាណជាង ៧០ក្រុមហ៊ុន៕