(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ ដែលជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរខួបគម្រប់ ២៥ឆ្នាំ នៃការពិនិត្យ ព្យាបាល ថែទាំសុខភាពដល់កុមារកម្ពុជាជាច្រើនលានករណី។

គួរបញ្ជាក់ដែរថា មន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល ២៥ឆ្នាំ (១៩៩៩ - ២០២៤) កន្លងមកនេះ បានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាមន្ទីរពេទ្យឈានមុខមួយ ក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយឯកទេស ក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារ ជាង ២,៥លានករណី។

មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ឧត្តុង្គឧត្តមមួយសំរាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយ។ មន្ទីរពេទ្យកុមារអង្គរ បានបណ្តុះបណ្តាលប្រមាណ ៧៨០ ០០០ ជាវត្តមាន ដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ។ នៅតាមសហគមន៍ ជនបទមួយចំនួន ក្នុងខេត្តសៀមរាប និងព្រះវិហារ មន្ទីរពេទ្យបាន លើកកម្ពស់ចំណេះដឹងដល់ ឳពុកម្តាយ អាណាព្យាបាលអ្នកជំងឺ ទាក់ទងទៅនឹងបញ្ហា សុខភាពចម្បងៗជាច្រើន។មន្ទីរពេទ្យកុមារអង្គរ បានអប់រំ សុខភាព ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ ឃុំ នៅក្នុងខេត្តសៀមរាប និងព្រះវិហារចំនួន ប្រមាណ ១,៥លាន វត្តមាន។

លើកឡើងនៅក្នុងពិធីនេះលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជាអង្គភាព ដែលលោកបម្រើការងារនោះទេ ទីនេះប្រៀបបានដូចជាកូនរបស់លោកដែរ! ក្នុងនាមជានាយកមន្ទីរពេទ្យកុមារអង្គរ លោកសូមសម្តែងនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកសម្រេចនូវកិច្ចកាងាររបស់មន្ទីរពេទ្យកុមារអង្គរ។

លោកវេជ្ជបណ្ឌិត បន្តថា យើងបានប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើន ប៉ុន្តែយើងតែងតែតស៊ូដោយភាពក្លាហាន និងក្តីមេត្តាករុណា។ លោកមានមោទនភាពចំពោះសមិទ្ធិផលទាំងនេះ ប៉ុន្តែលោកក៏ដឹងអំពីតម្រូវការដែលនៅតែមានសម្រាប់ការពិនិត្យ ព្យាបាលដ៏ឯកទេស។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ក៏បានបន្តអំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័ន ទាំំងអស់បន្តការបិរច្ចាគ និងគាំទ្រមកកាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសនៅក្នុងយុទ្ធនាការរៃអង្គាសខាងមុខនេះ ដើម្បីស្វែងរកមូលនិធិ ដើម្បីកសាងមជ្ឈមណ្ឌល រងរបួសនិងប៉ះទង្គិចធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

សូមបញ្ជាក់ដែរថា ដើម្បីអបអរសាទរ នៅក្នុងខួប ២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលមានដូចជា៖ កម្មវិធីជួបជាមួយស្ថាបនិក មន្ទីរពេទ្យកុមារអង្គរ នាថ្ងៃទី២១ ខែកុម្ភៈ។ ពិធីប្រគល់ទទួលប័ណ្ឌសសើរដល់បុគ្គលិក មន្ទីរពេទ្យកុមារអង្គរ បម្រើការងាររយៈពេល ២០ឆ្នាំ និង១០ឆ្នាំ នាថ្ងៃទី ២៤ ខែកុម្ភៈ។ មន្ទីរពទ្យកុមារអង្គរ នឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ ដើម្បីរៃអង្គាស មូលនិធិសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួសនិងប៉ះទង្គិចធ្ងន់ធ្ងរផងដែរ៕