(សៀមរាប)៖ នៅក្នុងប្រតិបត្តិការស្រាវជ្រាវអំពើឃាតកម្ម (កាប់សម្លាប់ជាច្រើនដាវ) លើស្ត្រីម្នាក់នៅក្នុងចំការដំឡូង រួចគេចខ្លួនបាត់នោះ ត្រូវបានកម្លាំននគរបាលជំនាញ នៃខេត្តសៀមរាប ចំណាយ ពេលត្រឹមតែ២០ម៉ោង ធ្វើការសហការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់ បាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរនបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំ ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងដោយមានកិច្ចសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកជីក្រែង ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញា ពាក់ព័ន្ធនឹងករណីឃាតកម្ម រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ធ្វើចំការរស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង។

សូមជម្រាបថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៨៖៥៥នាទី កម្លាំងអធិការស្រុកជីក្រែង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាត់មនុស្សម្នាក់ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយស្វែងរករហូតដល់វេលាម៉ោង ២១និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានប្រទះឃើញជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច ដេកស្លាប់នៅក្នុងចម្ការដំឡូង ខាងក្រោយផ្ទះប្រហែល ២០០ម៉ត្រ ហើយកម្លាំងអធិការស្រុកជីក្រែង បានធ្វើការពិនិត្យសាកសពឃើញថា សពមានសភាពរឹង ហើយមានស្នាមបែកក្បាលដាច់សក់ និងមានស្នាមអាកដាច់បំពង់កដល់ឆ្អឹងក សន្និដ្ឋានថា ជាករណីឃាតកម្ម។

ក្រោយពេលកើតហេតុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត រហូតដល់កំណត់មុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួនម្នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប យកមកធ្វើការសាកសួរ។

ក្រោយការសាកសួរជនសង្ស័យ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ បានចម្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យ ធ្លាប់មានទំនាស់ពាក្យសម្តី និងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែជនសង្ស័យគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣៖៣០នាទី ជនសង្ស័យផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវចំនួន០១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះកំពុង នៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។

លោកបន្តថា វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ចំនួន១ដើម មានប្រវែង០,៦២ម៉ែត្រ, ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាពចំនួន០១ (មានប្រឡាក់ឈាម), និងអាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព ចំនួន០១។

កម្លាំងនគរបាលជំនាញបានធ្វើតេស្តទឹកនោមលើជនសង្ស័យខាងលើ ដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕