(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងនៃមន្ទីរពេទ្យសាន់រ៉ាយរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្វែងយល់ពីការបណ្តុះបណ្តាល និងការចុះកម្មសិក្សារបស់មន្ទីរពេទ្យដល់និស្សិតកម្ពុជា។

ក្រោយការស្វាគមន៍របស់ លោករដ្ឋមន្ត្រី លោក KAMATA Keiya ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនសាន់រាយ បានរាយការណ៍ពីសកម្មភាពរបស់ខ្លួនដែលធ្វើសកម្មភាពរយៈពេល៧ឆ្នាំនៅកម្ពុជាលើសេវាកម្មសុខាភិបាល។ នាយកប្រតិបត្តិរូបនេះ បានបន្តលើកឡើងពីការបណ្តុះបណ្តាលបុគ្គលិក និងសិក្ខាកាមកម្ពុជាដែលមន្ទីរពេទ្យបានទទួលបណ្តុះបណ្តាលនៅក្នុងប្រទេស និងការបណ្តុះបណ្តាលនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ដែលមន្ទីរពេទ្យបានធ្វើសកម្មភាពតាមរូបភាពផ្សេងៗក្នុងសង្គម ជាពិសេសការបណ្តុះបណ្តាលជំនាញតាមរយៈកម្មសិក្សាដល់ និស្សិតកម្ពុជាឱ្យទទួលបានជំនាញ សីលធម៌ និងវប្បធម៌ធ្វើការបែើបទំនើបរបស់ជប៉ុនផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការអនុវត្តតាមកាតព្វកិច្ចរបស់មន្ទីរពេទ្យជប៉ុននៅកម្ពុជាក្នុងនាមជាវិស័យឯកជន ដែលអនុឡោមទៅតាមច្បាប់ការងារដែលបានចែងស្តីពីកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលជាកិច្ចការងារអាទិភាពមួយរបស់ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ និងជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍របស់សម្តេចធិបតីមកកាន់ក្រសួងការងារដែលមានគោលបំណងផ្តល់ការហ្វឹកហ្វឺន និងបំពាក់បំប៉នជំនាញធ្វើដល់សិស្ស និស្សិតលើការងារជាក់ស្តែង និងឱកាសទទួលបានការងារធ្វើទៀតផង៕