(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសជាង១៥នាទី របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចាប់ផ្ដើមបើកដំណើរការវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា ដំណើរការវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ គឺជាការអនុវត្ដនូវអនុសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលឆ្លងកាត់ការពិភាក្សាពីតំណាងគ្រឹះស្ថានឧត្ដមសិក្សានៅរាជធានីភ្នំពេញ ដែលប្រព្រឹត្ដកាលពីសន្និបាតលើកទី៧ របស់កាកបាទក្រហមកម្ពុជា កាលចុងឆ្នាំ២០២៣ ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា, គ្រប់គ្រងដោយក្រុមការងារគាំទ្រ ដែលមានគ្នា ចំនួន ១៥រូប ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ និងមានក្រុមអ្នកសម្របសម្រួល ចំនួន២២រូប ដោយដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី២១-២៣ខែកុម្ភៈ និងមានសិក្ខាកាមជាទីប្រឹក្សា, ប្រធាន និងអនុប្រធានក្លឹបយុវជន មកពីគ្រឹះស្ថានឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៧៥រូប។ វគ្គបណ្ដុះបណ្ដាលនេះ គឺបានប្រព្រឹត្ដទៅក្រោមវត្ដមាន លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រីបានបន្ដថា​ វគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាលគ្រូបង្គោល ឱ្យក្លាយទៅជាគ្រូសម្រាប់យកទៅបណ្ដុះបណ្ដាលបន្ដទៅដល់យុវជនកាកបាទក្រហមកម្ពុជា ដែលបានទើបចូលថ្មី ដែលនៅក្នុងផែនការ គឺនៅខែមីនាខាងមុខ នឹងជ្រើសរើសយុវជនកាកបាទក្រហមកម្ពុជាបន្ថែម នៅតាមសាកលវិទ្យាល័យ គ្រឹះស្ថាននីមួយៗ។

លោកស្រីបន្ដថា «គ្រូបង្គោលដែលមកទទួលបានការបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ គឺមានតួនាទីសំខាន់ចំនួន៣ គឺទី១៖ កសាងពង្រឹងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាកលវិទ្យាល័យឱ្យកាន់តែមានគុណភាពឡើង, ទី២៖ ការពង្រឹងចំណេះដឹងបន្ថែមសម្រាប់ខ្លួនគាត់ផ្ទាល់ ដើម្បីយកទៅបណ្ដុះបណ្ដាលបន្ដ ដោយមានតួនាទីជាអ្នកដឹកនាំ គ្រប់គ្រងផ្ទាល់ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនមានសកម្មភាពដូចភ្លៀងរលឹមនៅតាមគ្រឹះស្ថានអប់រំរៀងៗខ្លួន។ ទន្ទឹមនឹងនោះយើងក៏មានសំណូមពរឱ្យថ្នាក់ដឹកនាំយុវជននៅតាមគ្រឹះស្ថានឧត្ដមសិក្សា មានគំនិតនៅក្នុងការគិតអំពីនិរន្ដភាព ដែលនៅក្នុងនោះគឺផ្ដោតទៅលើការផ្ទេរជីវភាពរបស់យុវជនកាកបាទក្រហមកម្ពុជា និងទី៣៖ គឺការផ្ដល់ពីសារៈសំខាន់ដល់បណ្ដាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានអប់រំ។

លោកស្រី ម៉ែន នារីសោភ័គ បានបន្តថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការងារចំនួន២ ដើម្បីបណ្ដុះនូវស្មារតីនៃវប្បធម៌ចែករំលែក ក្ដីស្រលាញ់ និងការគិតគូរ និងការជួយគ្នាទៅវិញទៅមក គឺទី១៖ មិត្ដអប់រំមិត្ដ ដែលនៅក្នុងនោះអ្នកចេះច្រើនជួយអ្នកចេះតិច ទី២៖ មិត្ដជួយមិត្ដ គឺការជួយមិត្ដ ដោយផ្ដោតសំខាន់ កុំឱ្យមានយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជានិស្សិតផ្សេងៗទៀត បោះបង់ការសិក្សា ដោយសារតែកត្ដាជីវភាព ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលខាងលើនេះ សូមលោកអ្នកនាង តាមដានទស្សនានូវកិច្ចសម្ភាសទាំងស្រុង របស់លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖