(សៀមរាប)៖ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានទទួលជួបសំណេះសំណាល ជាមួយប្រតិភូស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ ដែលដឹកនាំដោយលោក នីរៈវ៉ាត់ រង្សីកានចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគនៅក្នុងខេត្តសៀមរាប។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានឲ្យដឹងថា ការជំនួបសំណេះសំណាល និងពិភាក្សារវាងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងប្រតិភូស្ថានតំណាងពាណិជ្ជកម្មថៃ នាពេលនេះ គឺមានគោលបំណងដើម្បីជំរុញពាណិជ្ជកម្មថៃកម្ពុជា ឲ្យកាន់តែប្រសើរក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៤កន្លងមក។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានលើកឡើង និងសំណូមពរ អំពីកិច្ចសហការថៃ-កម្ពុជា លើកិច្ចការសម្របសម្រួលនៅតាមច្រកទ្វារអន្តរជាតិផ្លូវគោក និងខ្សែបន្ទាត់ព្រំដែន សូមឲយមន្ត្រីអន្តោរប្រវេសន៍ ដែលកំពុងការអនុវត្តការងារជំនាញ សូមជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាជនទាំងថៃ និងកម្ពុជា ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិផ្លូវគោក ដើម្បីទាក់ទង ធ្វើពាណិជ្ជកម្មមានភាពងាយស្រួលផងដែរ។

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានចាត់ទុកការជួបសំណេះសំណាល ជាមួយប្រតិភូស្ថានតំណាងពាណិជ្ជកម្មថៃ នាពេលនេះ គឺជាសញ្ញាដ៍ល្អដែលរដ្ឋាភិបាលកម្ពុជា រក្សាបានស្ថិរភាពនយោបាយសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារីកចម្រើន ខណៈប្រទេសថៃ ក៏ស្ថិតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាមួយគ្នាផងដែរ។ 

តាមរយៈជំនួបពិភាក្សាលើកនេះ គឺលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានអះអាងថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃ មកបណ្តាក់ទុននៅខេត្តសៀមរាប ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈលោកក៏បានប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២ផងដែរ។

លោក នីរៈវ៉ាត់ រង្សីកានចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃ នៅភ្នំពេញ ក៏បានឲ្យដឹងដែរថា លោក និងពាំនាំការសំណូមពរ និងលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ទៅជម្រាបជូនដល់ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាផងដែរ៕