(ព្រៃវែង)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងដែលជាប្រភេទពូជថ្មីនៅទីតាំងស្រែគំរូ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គួររំឭកថាទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ លើកទ១និងលើកទី២នេះគឺទទួលបានទិន្នផលជាង ៨តោន ក្នុងមួយហិចតាដូចគ្នា។

ពាក់ព័ន្ធនឹងការប្រមូលផលស្រូវសាកល្បងលើកទី២នេះ, លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា នេះគឺជាស្រូវប្រភេទ ពូជថ្មីហើយនៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បង ហើយការដាំដុះលើកទីមួយប្រើប្រាស់គ្រាប់ពូជតែ៣០គីឡូក្រាមប៉ុណ្ណោះសម្រាប់ផ្ទៃដីមួយហិកតា និងលើកទីពីរ ប្រើគ្រាប់ពូជ១០០គីឡូក្រាម លើផ្ទៃដីមួយហិកតា។

យោងតាម លោកឈិត ប៊ុនថន ប្រភេទពូជស្រូវថ្មីខាងលើនេះ ប្រើប្រាស់ពេលវេលាដំាដុះពី ៩០ទៅ៩៥ថ្ងៃគឺកសិករអាចប្រមូលផលបានក្នុងកម្រិតខ្ពស់។

ជាក់ស្តែងលើកទីមួយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម ហើយលើកទី២អាចប្រមូលផលបានផល៨តោន ២០០គីឡូក្រាមក្នុងដីមួយហិកតា ហើយពូជស្រូវថ្មីនេះ អាចលក់បានថ្លៃប្រហាក់ប្រហែលទៅនិងពូជ្រូវ៥៤៥១ ដែលមានតម្លៃលើទីផ្សារក្នុងតំបន់ថ្ងៃនេះ១១០០រៀលក្នុងមួយគីឡូក្រាម៕