(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីគុណតម្លៃនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ថាជាចលនាប្រឡងប្រណាំងដែលឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

បន្ទាប់ពីដំណើរការដោយជោគជ័យ នៃសិក្ខាសាលារយៈពេល ពេញមួយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញការជឿជាក់ថា ដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ មិនកំណត់ត្រឹមពានរង្វាន់ និងជ័យលាភីនោះទេ តែជាការសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្ដល់សេវារបស់បណ្ដាបេក្ខភាពដោយខ្លួនឯង, ការយកចិត្តទុកដាក់បន្ថែមទៀត និងការព្យាយាមកែលម្អជាបន្តបន្ទាប់នូវគុណភាព និងប្រសិទ្ធភាព ជាពិសេសការពេញចិត្តពីអ្នកទទួលសេវា។

លើសពីនេះទៀតសោត តាមរយៈបទបង្ហាញ និងការចែករំលែកបទពិសោធលើការងារគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ អង្គសិក្ខាសាលាដែលជាតំណាងអង្គភាពផ្តល់សេវាសាធារណៈ និងអ្នកចូលរួមទាំងអស់ នឹងទទួលបានគន្លឹះ ពុទ្ធិ និងបទពិសោធជាក់ស្ដែង ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកែលម្អ, ពង្រឹងគុណភាព,ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

ពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងអង្គសិក្ខាសាលាសរុបជាង ២០០០នាក់ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នឹងរៀបចំពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕