(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការឃុំខ្លួនជនជាតិកូរ៉េចំនួន ២នាក់ ដាក់ពន្ធនាគារករណីជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម ដែលត្រូវបានកម្លាំងនគរបាលបង្ក្រាបបាននៅខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជិត៣គីឡូក្រាម ដែលមានជនត្រូវចោទជាជនជាតិកូរ៉េចំនួន ២នាក់។

ជនត្រូវចោទទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ CHOI NOON HO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិកូរ៉េខាងត្បូង

ទី២៖ ឈ្មោះ PARK HYOUNG SIC ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិកូរ៉េខាងត្បូង និងជនត្រូវចោទគេចខ្លួនចំនួន ០១នាក់ ត្រូវបានចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ផ្លួវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ផ្លូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអាគារ TK STAR សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត៤០ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន០២នាក់ ដូចបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕