(តាកែវ)៖ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់កសិករចិញ្ចឹមមាន់នៅកម្ពុជា ដោយផ្តើមនៅក្នុងឆ្នាំ២០២២។ គម្រោងនេះបានធ្វើការជាមួយកសិករ ក្នុងគោលបំណងអភិវឌ្ឍពូជមាន់ស្គួយ។ កសិករដែលចូលរួមត្រូវបានបណ្តុះបណ្តាលបច្ចេកទេស ក្នុងការគ្រប់គ្រងមេបាពូជមាន់ វិធានការការពារជីវសុវត្ថិភាព បច្ចេកទេសបង្កាត់សិប្បនិម្មិត និងការកត់ត្រាទិន្នន័យក្នុងកសិដ្ឋានបង្កាត់ពូជ។

ជាមួយនឹងការទទួលបានពូជមាន់ស្គួយ និងបច្ចេកទេសថែរក្សាពីក្រុមការងារសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR), លោក យ៉ែម សុខនី មានវ័យ៤១ឆ្នាំ រស់នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ បានលើកឡើងថា មុននឹងទទួលបានគម្រោងអភិវឌ្ឍពូជមាន់ស្គួយនេះ គឺលោកបានចិញ្ចឹមមាន់ខ្មែរចម្រុះ ប៉ុន្តែ មិនសូវទទួលបានទិន្នផលខ្ពស់នោះទេ។ តែក្រោយពីទទួលមានពូជមាន់ស្គួយ (កូនមាន់១ពាន់ក្បាល) ពីគម្រោង ACIAR ព្រមទាំងអ្នកបច្ចេកទេសមកពីអាហ្វ្រិក តាមរយៈជំនួយនេះបានធ្វើឱ្យលោកអាចរកប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចផ្តល់ឱ្យកូនបន្តសិក្សានៅថ្នាក់មហាវិទ្យាល័យ។

លោក យ៉ែម សុខនី បានបន្តថា ចំពោះគម្រោងនេះមិនត្រឹមតែចិញ្ចឹមមាន់សម្រាប់លក់នោះទេ ប៉ុន្តែ ផលិតបានមាន់ដែលមានគុណភាព ដែលអាចបំពេញតាមតម្រូវការទីផ្សារផងដែរ។ សម្រាប់គម្រោងនេះបានផ្តល់ចំណេះដឹងដល់លោកអាចកត់ត្រាទិន្នន័យ ដឹងពីការចំណូល ចំណាយ ការរីកលូតលាស់ ព្រមទាំងធ្វើតាមការបង្កាត់សិប្បនិម្មិត និងការអនុវត្តជីវៈសុវត្ថិភាពបានច្រើនជាងមុន។ កាលពីមុនពេលមិនទាន់ទទួលបានជំនួយបច្ចេកទេស គឺកូនមាន់ងាប់ច្រើន។

«លោកមិនអាចបំភ្លេចបានកាលពីមុនលោកដើរធ្វើសំណង់ឱ្យគេ ដោយផ្តោតលើការងារខាងក្រៅដើម្បីរកចំណូល ពេលនោះជួបបញ្ហាគ្រោះថ្នាក់ជិតនឹងអស់ជីវិតប៉ុន្មានសារ តែក្រោយទទួលបានជំនួននេះលោកមិនចាំបាច់ចេញទៅធ្វើការងារខាងក្រៅចោលគ្រួសារទៀត មានន័យថាលោកអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបាន»។ នេះជាការលើកឡើងបន្ថែមរបស់លោក យ៉ែម សុខនី។

ដោយឡែកលោក កង ហេត រស់នៅភូមិអង្គតាសោមខាងសោមខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាប្រជាកសិករ ទទួលបានគម្រោងីកម្មវិធីអភិវឌ្ឍន៍ពូជមាន់ស្គួយ បានឱ្យដឹងថា គាត់ក៏ដូចជាប្រជាកសិករ២គ្រួសារទៀតដូចគ្នា គឺទទួលបានពូជមាន់ចំនួន១ពាន់ក្បាលពីគម្រោងបើគិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានរយៈពេល៧ខែមកហើយ។ សម្រាប់ពូជមាន់ស្គួយដែលជាមាន់របស់ខ្មែរនេះ គឺមានទីផ្សារខ្លាំងណាស់។ ទីផ្សារដែលលោកបានអះអាងគឺមាន់ស្គួយនេះឆាប់ធំ មានរោមជិតល្អ សាច់មាន់មានគុណភាពល្អ ហើយការបង្កាត់ពូជបានលឿន និងអត្រារស់ជាង៨០ភាគរយ ព្រមទាំងងាយស៉ាំនឹងអាកាសធាតុជាងប្រភេទពូជមាន់ដទៃទៀត។

លោក កង ហេត បានបន្តថា តាមរយៈការចិញ្ចឹមពូជមាន់ស្គួយនេះ ធ្វើឱ្យជីវភាពរបស់គ្រួសារលោកមានការប្រែប្រួលជាក់ស្តែងលោកអាចមានលទ្ធភាពផ្គត់ផ្គង់ថវិកាសម្រាប់ឱ្យកូនបន្តសិក្សានៅមហាវិទ្យាល័យ។ «អញ្ចឹងបានខ្ញុំខិតខំចិញ្ចឹមមាន់នេះ (ពូជមាន់ស្គួយ) ចំណីក៏គម្រោងផ្តល់ជូនជាងពាក់កណ្តាលដែរ នៅបេលអនាគតទៅខ្ញុំអាចពង្រីកកសិដ្ឋានឱ្យធំជាងហ្នឹងទៅទៀត»។

លោក ហេត បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកអាចលក់ពងមាន់ កូនមាន់ រីឯកូនមាន់ដែលនៅសេសល់ពីអ្នកទិញបន្តសម្រាប់ចិញ្ចឹម គឺលោកខ្លួនឯងចិញ្ចឹមសម្រាប់ផ្តល់សាច់ដល់ទីផ្សារ។ ខណៈតម្លៃមាន់វិញ គឺសមរម្យមានន័យថា នៅពេលរដូវធម្មតាលោកអាចលក់មាន់សាច់បាន ១គីឡូ១៦០០០រៀល និងឡើងជាង២០,០០០រៀល នៅពេលរដូវបុណ្យទាន ជាពិសេសតម្លៃបានខ្ពស់នៅរដូវបុណ្យចូលឆ្នាំចិន។

បើតាមលោកស្រី កន ភារម្យ ជាប្រធានសហគមន៍មាន់ស្រែអូរផុត ឃុំអង្គតាសោម បានឱ្យដឹងថា កាលមុនសម្រាប់សហគមន៍របស់លោកស្រីមានសមាជិកប្រមាណ៧០គ្រួសារតែប៉ុណ្ណោះ ប៉ុន្តែ តាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ Skouy ដែលគេស្គាល់ក្នុងស្រុកថា «មាន់ស្រែ» ដែលកំពុងទទួលបានការពេញនិយម ដោយសារសាច់របស់វាមានរសជាតិឈ្ងុយឆ្ងាញ់ ឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានយ៉ាងល្អនោះ ធ្វើឱ្យសមាជិកសហគន៍កើនឡើងជាង១៥០គ្រួសារ។

ប្រធានសហគមន៍រូបនេះ បានបន្តថា សម្រាប់ពូជមាន់ស្គួយនេះលក់បានថ្លៃជាងពូជមាន់ធម្មតា ការចិញ្ចឹមពូជមាន់ស្គួយ ធ្វើឱ្យប្រជាកសិករអាចទទួលបានប្រាក់ចំណេញច្រើនដោយសារតែមាន់មានគីឡូធ្ងន់ និងមានគុណភាពល្អ។ សម្រាប់ពេលអនាគតលោកស្រីនឹងត្រៀមបង្កាត់កូនមាន់ឱ្យមានច្រើនសម្រាប់ចេញចាយទៅកាន់ទីផ្សារឱ្យមានច្រើនទ្វេដង។

ពូជនេះត្រូវបានកែលម្អដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្កួយ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៥ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពងរបស់វាមានតម្លៃ ០,៣ដុល្លារ។ មេបាពូជរបស់ពូជស្គួយ ត្រូវបានលក់ក្នុងតម្លៃប្រហែល ១៥ដុល្លារក្នុង១ក្បាល៕