(ភ្នំពេញ)៖ ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញ​ទៅ​សួរសុខទុក្ខលោក ថាក់ស៊ីន ដល់ភូមិគ្រឹះកណ្តាលក្រុងបាងកក ប្រទេសថៃ មិនត្រឹមធ្វើឱ្យកក្រើកព័ត៌មាន​ក្នុង​ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យកក្រើកបណ្តាញព័ត៌មានថៃ ព័ត៌មានក្នុងតំបន់ និងលើពិភព​លោក​ផងដែរ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមយន្តហោះពិសេសទៅ​កាន់​​ទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខលោក ថាក់ស៊ីន ដែលតុលាការទើបដោះលែងឱ្យមាន​សេរី​ភាព​​ឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ។

សម្តេចតេជោ ហ៊ុន សែន បានក្លាយជាភ្ញៀវបរទេសដំបូងគេបង្អស់ដែលហោះទៅសួរសុខទុក្ខលោក ថាក់​ស៊ីន។ ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា និងរបស់ថៃ បានក្លាយទៅជាព្រឹត្តិការណ៍​ដ៏​ចាប់អារម្មណ៍មួយនៅក្នុងសង្គមកម្ពុជា និងសង្គមថៃ ហើយបន្តចាប់អារម្មណ៍ដល់ក្នុងតំបន់ និងលើពិភព​លោក​ផងដែរ។

ក្នុងប្រទេសកម្ពុជា គ្រប់បណ្តាញព័ត៌មានទាំងជាខេមរភាសា និងភាសាបរទេស សុទ្ធតែបានរំលេច​រូប​ភាព​នៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន អមដោយខ្លឹមសារបង្ហាញពីភាព​ស្និទ្ធស្នាល​រវាង​​អ្នកនយោបាយ​ដ៏មាន​ឥទ្ធិពល​ទាំងពីរ​រូបនេះ។ នៅឯប្រទេសថៃក៏ដូចគ្នាដែរ បណ្តាញព័ត៌មាន​របស់​ថៃ សុទ្ធតែបានចាប់អារម្មណ៍លើកព្រឹត្តិការណ៍នេះ ហើយបានចាប់មុំផ្សាយរៀងៗខ្លួន។

ព័ត៌មានល្បីៗរបស់ថៃ ដែលបានផ្សាយជំនួបបុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នក​នយោ​បាយ​ទើបមានសេរីភាពរបស់ថៃ ក្រោយរស់ក្រៅប្រទេសជិត២០ឆ្នាំមានដូចជា៖ Bangkok Post, Thai PBS និង The nation ជាដើម។ ក្រៅពីនោះ គេក៏ឃើញមានទីភ្នាក់ងារព័ត៌មានរបស់សិង្ហបុរី CNA និងទីភ្នាក់ងារព័ត៌មានដ៏ល្បាញល្បីរបស់អង់គ្លេស REUTERS បានចុះផ្សាយនូវជំនួបនេះផងដែរ។

បើទោះបីជាយ៉ាងការចុះផ្សាយនេះមិនខ្លឹមសារអ្វីវែងឆ្ងាយនោះទេ ក្រៅតែពីព័ណ៌នាអំពីទំនាក់ទំនងដ៏ជិត​ស្និទ្ធ និងស៊ីជម្រៅរវាងសម្តេចតេជោ និងលោក ថាក់ស៊ីន ក៏ដូចជាការព័ណ៌នាអំពីជំនួប និងការដក​ស្រង់​យកខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គម។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅទំព័រព័ត៌មានរបស់ REUTERS សរសេរដោយអ្នកសារព័ត៌មាន​ជន​ជាតិថៃ បានឆ្លៀតបរិយាយដោយហៅសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនយោបាយគីឡូធ្ងន់ និងជា បុរសខ្លាំងរបស់កម្ពុជាជាដើម។

បើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គម បានឱ្យដឹងថា ជំនួបជា​មួយ​លោក ថាក់ស៊ីន មិនបាននិយាយរឿងនយោបាយនោះទេ គ្រាន់តែរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំ​នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។

សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះ «ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់សុីន ទោះបីមានជំងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួម​របស់ អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ុង​អុីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤ និង១៥ មីនា ២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រីដែល
បានទទួលខ្ញុំនៅថ្ងៃនេះ»

ក្រោយឃើញជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន នាំឱ្យមានការលើកជាទស្សនៈ​ពី​មជ្ឈដ្ឋាន​មហាជនផងដែរ។ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានហៅសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ ឆាកអន្តរជាតិ ដោយសារលោក​មិន​ត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិក​នៃ​សន្តិភាព​​សម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកតែងតែឈឺឆ្ងាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយ​នៃវិបត្តិនយោបាយ​ប្រទេសក្នុងតំបន់ និងអន្តរជាតិ។

លោក ព្រាប កុល បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែមានសមត្ថភាពពេញ​លេញ និងមានទេពកោសល្យពិសេសសក្តិសមជាមេដឹកនាំកំពូលនោះទេ តែក៏ជាឥស្សរជនមានគុណ​ធម៌​ដ៏ធំធេងផងដែរ។ ជាក់ស្តែងសម្តេចរាប់អានមិត្ត ឬបងប្អូនធម៌ មិនមែនតែនៅពេលមិត្ត ឬបងប្អូនធម៌នោះ​មានអំណាចនោះទេ ទោះក្នុងស្ថានភាពផ្សេងពីនោះ ក៏នៅតែរក្សាចំណងមិត្តភាព និងមនោសញ្ចេត​នា​ ជា​មិត្ត ជាបងជាប្អូនធម៌ និងជាគ្រួសារលោកដែរ។

«នេះគឺជាគុណធម៌នៃមេដឹកនាំកំពូល និងជាគំរូសម្រាប់មនុស្សជាតិគ្រប់ជំនាន់»។ នេះជាការបញ្ជាក់របស់​លោក ព្រាប កុល។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយ​បានរាប់អានគ្នាជា បង​ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រី​មក​ម៉្លេះ។

បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនង​យ៉ាង​​ជិត​​ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុង​អំឡុង​ពេលរស់នៅក្រៅប្រទេស លោក ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជា ជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។

កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់​សម្តេច។ ក្រោយពេលលោក ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។

តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុត​រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថាក់ស៊ីន និងក្រុមគ្រួសារ។ តាមរយៈទំនាក់ទំនងនេះ ក៏នាំឱ្យមានការលើកឡើងថា សម្តេចតេជោ ក៏ជាកូនសោមួយដ៏សំខាន់នៃជីវិតនយោបាយរបស់លោក ថាក់ស៊ីន ជាពិសេសកូនសោដែលជួយឱ្យលោក ថាក់ស៊ីន ប្រែពីរស់និរទេស បានចូលស្រុកវិញ ប្រែពីអ្នកទោស ក្លាយជាអ្នកមានសេរីភាព៕