(ព្រះសីហនុ)៖ ក្នុងឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុនឹងមានគម្រោងធំៗចំនួន២ គឺគម្រោងវិនិយោគអគារសហកម្មសិទ្ធិ និងគម្រោងមជ្ឈមណ្ឌលទេសចរណ៍ បន្ទាប់ពីទទួលបានគោលការណ៍ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ហើយនឹងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៤នេះ។

ការផ្ដល់គោលការណ៍នេះធ្វើឡើងក្នុងកិច្ចពិភាក្សារបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលបានពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់ក្រុមហ៊ុននានា ក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

នាឱកាសនោះ ក្រុមការងារបានពិភាក្សាលើការស្នើរបស់ក្រុមហ៊ុនចំនួន២គម្រោង រួមមាន៖ គម្រោងវិនិយោគអគារសហកម្មសិទ្ធិ និងគម្រោងមជ្ឈមណ្ឌលទេសចរណ៍ ស្ថិតនៅភូមិ៦ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីជូនដល់ក្រុមហ៊ុនទាំង២ ដើម្បីបញ្ចប់ការសាងសង់ អនុវត្តគម្រោង និង/ឬចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ២០២៤។

ជាមួយនេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទាំង២ជាបន្តបន្ទាប់ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ចដោយរលូន។

ក្រុមការងារនឹងបន្តពិនិត្យលើការស្នើការលើកទឹកចិត្តពីវិស័យឯកជនផ្សេងៗទៀត និងបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេសខាងលើ អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យវាយតម្លៃ និងផ្តល់ការអនុម័តនៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋានផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងតាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕