(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍១៣ចំណុច​ ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ការទទួលខុសត្រូវ និង ភាពជាម្ចាស់ការ។

សម្តេចធិបតី ដាក់ចេញនូវអនុសាសន៍ទាំង១៣ចំណុចនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការកែលម្អការប្រកួតប្រជែងក្នុងវិស័យអាទិភាពឱ្យមានលក្ខណៈថ្លៃថ្នូរ ស្មើភាព និងយុត្តិធម៌ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តរភាព ។ ជាមួយនឹងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាប្រចាំ នូវសមិទ្ធកម្ម នៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥», រាជរដ្ឋា ភិបាលកំពុងសិក្សាធ្វើបច្ចុប្បន្នភាពគោលនយោបាយដ៏សំខាន់នេះ ដោយដាក់ចេញនូវយុទ្ធសាស្ត និងវិធានការគោលនយោបាយសមស្រប សម្រាប់ធ្វើបរិវត្តកម្មឧស្សាកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ ។

លើសពីនេះ​ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន និងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយ សហគ្រាសធុនមីក្រូតូច និង មធ្យម, សិប្បកម្ម, និង វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈ ការដាក់ចេញនូវវិធានការគោល នយោបាយជាច្រើន នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសមុំទី២។ ​

​ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ការទទួលខុសត្រូវ និង ភាពជាម្ចាស់ការ​ សម្តេចបានបានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖

ទី១.ត្រូវចូលរួមពន្លឿនការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និង អភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន, និងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា​ទាំងក្នុងតំបន់ និង សកល ។ ខ្ញុំសូមគាំទ្រគំនិតផ្ដួចផ្ដើម របស់ក្រសួង ក្នុងការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្តាមន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក និង បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិមួយ (Quality Infrastructure) ដែលនឹងគាំទ្រដល់ធុរកិច្ចនៅកម្ពុជា ហើយក៏សូមលើកទឹកចិត្តឱ្យបណ្តាមន្ទីរពិសោធន៍ជាតិ ចូលរួមសហការ និងលើកកម្ពស់សមត្ថភាពខ្លួន ។

ទី២. ត្រូវជំរុញការរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម CamDX ឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៤​ ព្រមទាំង ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញនេះ។ ជាមួយនេះ​ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ដើម្បីផ្ដល់សុក្រឹតភាពក្នុងការគ្រប់គ្រង, ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្ម លើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូជាក់លាក់ទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងផលិតកម្ម និងធុរកិច្ច ។ លើសពីនេះ, ត្រូវពង្រឹងជំនាញផ្នែកបច្ចេកទេសយានយន្ត, យានយន្តអគ្គិសនី និងអេឡិចត្រូនិក ក្នុងវិស័យឧស្សាហកម្ម ដោយយកចិត្តទុកដាក់ចំពោះការដំឡើង, ការផ្គុំ ឬ ពាក់កណ្ដាលផលិតកម្ម។

ទី៣. ត្រូវដឹកនាំ និង ជំរុញ ចលនការបង្កើនផលិតកម្ម និង ផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ជាពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្ដាលសម្រេច ពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។

ទី៤. ចូលរួមសិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយ ដែលអាចសម្រួលគ្រប់នីតិវិធី និងបែបបទ គយ, ពន្ធដារ, បរិស្ថាន, ពាណិជ្ជកម្ម, សេវាកម្ម, ឡូជិស្ទិក, និងកិច្ចការ ទាំងឡាយ ដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មក្នុងតំបន់នេះ ។ លើសពីនេះ ត្រូវបន្តជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូច និង មធ្យម (SMEs Cluster) ដែលដោះស្រាយ បញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមករវាងសហគ្រាសធុនតូច និងមធ្យម (SMEs) និង វិនិយោគផ្ទាល់ពីបរទេស (FDI) ។ ដោយឡែក​ រាជរដ្ឋាភិបាលនឹងពិនិត្យ លទ្ធភាពបន្ថែមទៀតលើកញ្ចប់ថវិកាដែលមានស្រាប់ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចី ទំហំធំ និង រយៈពេលយូរជាងមុន ។

ទី៥. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការផ្ទេរបច្ចេកវិទ្យា, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម, សេចក្តីព្រាងអនុ​ក្រឹត្យស្តីពីការបង្កើតសហភាពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, និងសេចក្តីព្រាង អនុក្រឹត្យស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍ ។

ទី៦. ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារ នៅក្នុងគំនិតផ្តួចផ្តើមស្តីពីការបង្កើត«មជ្ឈមណ្ឌលគាំទ្រធុរកិច្ច និងSMEs ក្នុងការចាប់យកឌីជីថល» ​ដើម្បីចូលរួមបណ្តុះផ្នត់គំនិតសហគ្រិនភាព, និងលើកកម្ពស់ការប្រើប្រាស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្ម សំដៅបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច និងបង្កើនលទ្ធភាពពង្រីកទីផ្សារ, ទាំងក្នុងតំបន់ និង សកល ។ ក្នុងទិសដៅនេះ​ ត្រូវបន្តដឹកនាំ និង ពង្រីកអាណត្តិរបស់សហគ្រិនខ្មែរឱ្យក្លាយជាកាតាលីករនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ជាស្ពានគាំទ្រការបង្កើត និងការអភិវឌ្ឍវិស័យថ្មីៗទៀត ។

ទី៧. ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្ស ដីស្រែ អំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា, និង ជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល ។

ទី៨. ក្រសួងស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ អំពីច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺ​ គុណភាព, សុវត្ថិភាព, និរន្តរភាព និងថ្លៃសមរម្យ ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជូនប្រជាពលរដ្ឋ​ ទាំងនៅទីប្រជុំជន និង ជនបទ ដោយពង្រឹងការលើកទឹកចិត្តដល់ការវិនិយោគផលិតទឹកស្អាតខ្នាតធំ ឬមធ្យម ដើម្បីជួយទ្រទ្រង់តំបន់ដែលប្រឈមនឹងកង្វះប្រភពទឹក ឬខ្វះធនធានហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រសួងត្រូវបន្តអនុវត្ត គោលនយោបាយថ្លៃទឹកស្អាតឱ្យបានម៉ឺងម៉ាត់ តែទន់ភ្លន់ ជាមួយនឹងការគិតគូរដល់ភាពសុខដុមនីយកម្មរវាងអ្នកផលិត និង អ្នកប្រើប្រាស់ ហើយត្រូវផ្ដល់អាទិភាពដល់ប្រជាជនក្រីក្រ និងមានជីវភាពខ្សត់ខ្សោយ រួមទាំងបងប្អូនកម្មករ និងសិស្ស-និស្សិត ដែលស្នាក់នៅតាម បន្ទប់ជួល ក្នុងការទទួលបានថ្លៃទឹកស្អាតមួយសមរម្យ។ លើសពីនេះ, ត្រូវជំរុញការរៀបចំបង្កើត និយ័តករទឹកស្អាត ដើម្បីពង្រឹងនិយតកម្ម និង អាជ្ញាបណ្ណ, និងពន្លឿនការរៀបចំអនុក្រឹត្យស្ដីពី ការរៀបចំ និង ការប្រព្រឹត្តទៅរបស់មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដើម្បីផ្ដល់លទ្ធភាពបន្ថែមទៀតដល់ការជួយអន្តរាគមន៍ដល់ការផ្គត់ផ្គង់ទឹកស្អាត នៅកន្លែងដែលជួបការលំបាកខ្លាំង ឬ ជួយសម្រួល និងគាំទ្រដល់ប្រជាជនដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១-ក្រ២ ។

ទី៩.បន្តជំរុញការអភិវឌ្ឍ និងការអនុម័តស្តង់ដាថ្មីៗបន្ថែមទៀត លើមុខទំនិញយុទ្ធសាស្ត សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា ។ ទន្ទឹមនេះ​ ត្រូវពង្រឹងប្រព័ន្ធចេញវិញ្ញាបនបត្រ និងអធិការកិច្ច ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីការពារពីការបង្កគ្រោះមហន្តរាយដល់សុវត្ថិភាព, សុខភាពរបស់មនុស្ស សត្វ និង រុក្ខជាតិ, ទ្រព្យសម្បត្តិ, សន្តិសុខសង្គម និង បរិស្ថាន ។

ទី១០. ត្រូវសិក្សារៀបចំក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្សផ្នែកបច្ចេកវិទ្យា ​សម្រាប់រយៈពេលមធ្យម និង វែង ដោយពិនិត្យបន្ថែមលើការ​ជំរុញការបង្កើតប្រព័ន្ធអេកូវិទ្យារវាងយុវជននវានុវត្តន៍-នវធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និង សហគ្រាសធុនតូច និង មធ្យម សំដៅពង្រឹងផលិតភាព, ពង្រីកទីផ្សារ, បង្កើនប្រសិទ្ធភាព, និង ពង្រឹងសមត្ថភាពធនធានមនុស្ស, ព្រមទាំងលើកកម្ពស់ការចងក្រង និងការទាក់ទាញប្រមូលមូលធន មនុស្សផ្នែកបច្ចេកវិទ្យា, ទាំងក្នុងស្រុក និងក្រៅស្រុក ។ ទន្ទឹមនេះ, ត្រូវជំរុញការរៀបចំគោលនយោបាយ សម្រាប់បង្កើតបរិស្ថានអំណោយផល និង ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា, ព្រមទាំងបន្តតម្រង់ទិសចំពោះការអនុវត្ត ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ និង របៀបវារៈស្រាវជ្រាវជាតិ, ហើយបន្តជំរុញការរៀបចំសួនវិទ្យាសាស្ត បច្ចេកវិទ្យា និង នវានុវត្តន៍ (STI Park), សារមន្ទីរវិទ្យាសាស្ត្រ (Science Museum), ក៏ដូចជា ការរៀបចំ និងការប្រែក្លាយកម្ពុជា ទៅមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន (ASEANTechnology Transfer Hub)។

ទី១១. បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋាភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និងមន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អការផ្តល់សេវាសាធារណៈ ជូនធុរជន និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងខិតជិតប្រជាជន ស្របតាមអភិក្រម«ធ្វើឱ្យលឿន ធ្វើឱ្យបាន និង ធ្វើឱ្យតម្លាភាព» ។

​ទី១២. ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់សេវាសាធារណៈនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិជាធរមាន ពិសេសយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

និងទី១៣. ពន្លឿនការរៀបចំផែនការសកម្មភាពលម្អិត និងសូចនាករគន្លឹះ នៃការអនុវត្តយុទ្ធសាស្រ្តជាតិស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានសកម្មបំផុតជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ ជាពិសេសសូមក្រសួងស្ថាប័នពាក់ព័ន្ធផ្តល់នូវធាតុចូលរបស់ខ្លួនដល់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យបានទាន់ពេល និងសូមត្រៀមអនុវត្តសកម្មភាពរបស់ខ្លួន​ឱ្យប្រសិទ្ធខ្ពស់បំផុត​៕