(ភ្នំពេញ)៖ រាជរដ្ឋាភិបាល អាណត្តិទី៧ និងនៅអាណត្តិបន្ដបន្ទាប់ទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដយកចិត្តទុកដាក់ខ្ពស់លើ សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈវិស័យមួយនេះជួយឲ្យសេដ្ឋកិច្ចជាតិរឹងមាំ។

នេះបើតាមការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គ្រឹះនៃសេដ្ឋកិច្ចរបស់យើង រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងពឹងផ្អែកទៅលើវិស័យឯកជនច្រើនដែលជាកម្លាំងស្នូល ហើយក្នុងវិស័យឯកជននោះ សហគ្រាសធុនតូច និងមធ្យម (SMEs) នេះឯងជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រៀបសហគ្រាសធុនតូច និងមធ្យម (SMEs) ដូចជាការកសាងអគារមួយដ៏ខ្ពស់ ប្រសិនគ្មានមូលដ្ឋានគ្រឹះរឹងមាំនោះទេ មិនអាចធានានិរន្ដរ៍ភាពបានឡើយ។ ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ថា សេដ្ឋកិច្ចជាតិរឹងមាំ ក៏ដោយសារមានគ្រឹះដែលបានមកពីវិស័យសហគ្រាសធុនតូច និងមធ្យមយ៉ាងដូច្នេះដែរ។

មិនខុសពីប្រទេសកម្ពុជានោះទេ ពោលនៅប្រទេសអ្នកមាន យោងតាមទិន្នន័យ មានរហូតដល់៩៥ភាគរយ នៃក្រុមហ៊ុនទាំងអស់នៃប្រទេសនោះ គឺសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ដោយឡែក សម្រាប់នៅប្រទេសកម្ពុជា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យដឹងថា ផ្អែកតាមទិន្ន័យចុងក្រោយនៅឆ្នាំ២០១៨ មានរហូតដល់ជាង៩៩ភាគរយ ហើយសម្ដេចមិនបង្ហាញក្ដីរំពឹងថា អនាគតប្រទេសកម្ពុជានឹងគ្របដណ្ដប់ដោយក្រុមហ៊ុននោះទេ ពោល SMEs នៅតែជាមូលដ្ឋានដែលត្រូវលើកស្ទួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនៅបន្ដយកចិត្តទុកដាក់ដល់វិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសេនាធិការ ខណៈមូលដ្ឋានសេដ្ឋកិច្ចជាតិរឹងមាំ ក៏ដោយសារវិស័យឯកជន។

ព្រមពេលជាមួយគ្នានេះ សម្ដេចធិបតី បានបង្ហាញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់គោលដៅឲ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ សម្ដេចចាត់ទុកថា ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងប្រព័ន្ធនឹងក្លាយជាថាមពលសេដ្ឋកិច្ច៕