(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្ស ដីស្រែអំបិលនៅខេត្តកំពត-កែប ដែលជាកេរដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួងក៏រៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិរក្ស ដីស្រែអំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិល ដែលមិនមានសក្តានុពល»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធត្រូវសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺ គុណភាព សុវត្ថិភាព និងរន្តរភាព និងតម្លៃសមរម្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងឧស្សាហកម្ម ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជូនប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងជនបទ, ពង្រឹងការលើកទឹកចិត្តដល់ការវិនិយោគផលិតទឹកស្អាតខ្នាតធំ ឫមធ្យម ដើម្បីជួយទ្រទ្រង់នៅតំបន់ដែលប្រឈម និងការខ្វះប្រភពទឹក និងខ្វះធនធានហិរញ្ញវត្ថុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងត្រូវគ្រប់គ្រងគោលនយោបាយថ្លៃទឹកស្អាតឱ្យបានម៉ឺងម៉ាត់ តែទន់ភ្លន់ ជាមួយនឹងការគិតគូរដល់ភាពសុខុដុមនីយកម្ម រវាងអ្នកផលិត និងអ្នកប្រើប្រាស់ និងត្រូវផ្តល់អតិភាពដល់ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពក្សត់ខ្សោយ រួមទាំងបងប្អូនកម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបន្ទប់ជួលឱ្យទទួលបានថ្លៃទឹកស្អាតមួយសមរម្យ។ ត្រូវជម្រុញការរៀបចំបង្កើតនិយ័តករទឹកស្អាត ដើម្បីពង្រឹងនិយ័តកម្ម និងអាជ្ញាប័ណ្ណ និងពន្លឿនការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបបមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដើម្បីផ្តល់ទ្ធភាពបន្ថែមទៀតក្នុងការជួយផ្តត់ផ្គង់ទឹកស្អាត នៅកន្លែងដែលជួបការលំបាកខ្លាំងផងដែរ៕

p style="text-align: center;">