(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ផ្តោតសំខាន់លើនយោបាយការទូតសេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលបើកបានតែទ្វារទេ អ្នកដើរចេញ និងចូល គឺវិស័យឯកជន។

ការថ្លែងបែបនេះរបស់សម្តេចធិ​បតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

 សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានលើកឡើងថា រដ្ឋអាចយល់ពីច្បាប់ តែមិនចេះពីយុទ្ធសាស្ត្រជំនួញដូចអ្នករកស៊ីនោះទេ។

សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អីឡូវគោលនយោបាយរសេដ្ឋកិច្ចបស់យើងតាំងពី៦ខែមុន ដែលយើងចាប់ផ្តើម គឺយកការទូតសេដ្ឋកិច្ចជាគោល ប៉ុន្តែ ខ្ញុំទៅមើលថ្នាក់ដឹកនាំប្រទេសផ្សេងក៏គេធ្វើដូចគ្នា ការទូតសេដ្ឋកិច្ចដូចគ្នា មេដឹកនាំទៅកន្លែងណាក៏ដោយ គ្រប់បប្រទេសទាំងអស់ គឺតែងតែជួបវិស័យឯកជន។ អញ្ចឹងអ្វីដែលសំខាន់ គឺយើងបើកបានតែទ្វារទេ រដ្ឋាភិបាល ប៉ុន្តែ អ្នកចេញចូលគឺវិស័យឯកជនហើយ ហៅគេមកយើងទៅគេប្រកួតប្រយ៉ាងណា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងន័យនេះ ម៉ាស៉ីនរបស់សេដ្ឋកិច្ច គឺវិស័យឯកជន ហើយក្នុនោះសហគ្រាសធុនតូច និងមធ្យម (SME) នឹងដើរតួនាទីកាន់តែសំខាន់តទៅមុនខទៀត។ ដូច្នេះការរួមទាំងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ធ្វើយ៉ាងណាដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ជាមូលដ្ឋានកែសម្រួល កែទម្រង់ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធការងារ។ បើធ្វើបានជោគជ័យនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរទៅច្រើនឆ្នាំខាងមុខ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ប្រែក្លាយសមត្ថភាពទៅ ដកដង្ហើមដោយខ្លួនឯង។ ក្នុងនោះកម្ពុជា ចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តជូនបងប្អូនក្នុងវិស័យឯកជន ពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឈ្វេងយល់ និងចាប់យកគោលនយោបាយ ដែលរាជរដ្ឋាភិបាលអាណត្តិនេះផ្ដល់ជូន ដើម្បីរួមគ្នាបង្កើនកម្លាំងជាកម្លាំងសេដ្ឋកិច្ចមួយធំ៕