(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២៤នេះ ជាឆ្នាំមូលដ្ឋានកែសម្រួល និងកែទម្រង់ប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធការងារ ហើយបើធ្វើបានជោគជ័យនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរទៅច្រើនឆ្នាំខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ គោលនយោបាយសេដ្ឋកិច្ចរបស់យើងតាំងពី ៦ខែមុន យើងចាំផ្តើមយកការទូតសេដ្ឋកិច្ចជាគោល។ ខ្ញុំទៅមើល ថ្នាក់ដឹកនាំប្រទេសផ្សេង គេក៏ធ្វើដូចគ្នា ការទូតសេដ្ឋកិច្ចដូចគ្នា។ មេដឹកនាំ ទៅកន្លែងណាក៏ដោយ គ្រប់ប្រទេសទាំងអស់ តែងតែជួបវិស័យឯកជន។ អីចឹង អ្វីដែលសំខាន់ យើងបើកបានតែធ្វើទេ រាជរដ្ឋាភិបាល តែអ្នកចេញចូល គឺវិស័យឯកជនហើយ។ ហៅគេមក យើងទៅគេ ប្រកួតប្រជែងយ៉ាងណា។ អីចឹងនៅក្នុងន័យនេះ ម៉ាស៊ីនរបស់សេដ្ឋកិច្ចរបស់យើង គឺវិស័យឯកជន ហើយក្នុងនោះ SMEs នឹងដើមតួនាទីកាន់តែសំខាន់។ ឥលូវសំខាន់ ប៉ុន្តែកាន់តែសំខាន់ តទៅមុខទៀត រួមកម្លាំងទាំងអស់ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ធ្វើយ៉ាងណា ដើម្បីយើងច្បាម ហើយនេះ ជាការកសាងមូលដ្ឋានរបស់យើង»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ក្នុងមួយអាណត្តិនេះ បើយើងធ្វើអាហ្នឹងបាន ចាក់គ្រឹះអាហ្នឹងបាន ខ្ញុំថា ២០ឆ្នាំទៀត ព្រោះយើង ២៥ឆ្នាំ បញ្ចកោណ។ អីចឹងឆ្នាំនេះ ខ្ញុំថា ជាឆ្នាំមូលដ្ឋានក្នុងការ កសាងកែសម្រួល មូលដ្ឋានយើងទាំងអស់ ទាំងក្នុងរដ្ឋបាលសាធារណៈ កែទម្រង់រចនាសម្ព័ន្ធអីផ្សេងៗនេះ ទាំងមន្ត្រីទាំងអីនេះ ៥ឆ្នាំ ខ្ញុំគិតថា ១ឆ្នាំនេះ ធ្វើមិនអស់ទេ តែវាត្រូវចាប់ផ្តើមពី ២០២៤នេះ ដើម្បីធានាឲ្យហើយ។ បើ ៥ឆ្នាំយើងធ្វើបាន មូលដ្ឋានរឹងមាំ ២០ឆ្នាទៀត យើងមានហើយ។ ដូចធ្វើអាគារ យូរបំផុត គឺគ្រឹះក្រោមដី»។

បើតាមការថ្លែងរបស់សម្តេចធិបតី គឺសម្តេចមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ប្រែក្លាយសមត្ថភាពទៅ ដកដង្ហើមដោយខ្លួនឯង។ ក្នុងនោះកម្ពុជា ចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅឱ្យយកចិត្តទុកដាក់ទាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងអាជីវកម្ម និងសមត្ថភាពផលិត។ សម្តេចធិបតី ថ្លែងថា ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយក​ចិត្តទុក​ដាក់ ដើម្បីសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ៕