(ស្វាយរៀង)៖ មានអំពើហិង្សាមួយផ្ដើមឡើងដោយសារភ្លើងប្រចណ្ឌ បានធ្វើឲ្យបុរសម្នាក់បែកថ្នាំទាញកាំបិតដេញកាប់ប្រពន្ធ និងម្តាយក្មេក បណ្តាលឲ្យរងបួសធ្ងន់ឈាមស្រោចពេញខ្លួន។ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិប្រសប់លក្ខ័ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីកាប់ឈ្មោះ សុន សាមន្ថា អាយុ២៨ឆ្នាំ មុងរបរកម្មការិនី មានទីលំនៅភូមិប្រសប់លក្ខ័ សង្កាត់បាទី ក្រុងបាវិត ត្រូវប្តីកាប់ជាច្រើនកាំបិតរបួសធ្ងន់។ ដោយឡែកស្ត្រីជាម្តាយក្មេកមានឈ្មោះ ខាត់ សាមី អាយុ៥២ឆ្នាំ មុខរបរជាអ្នកធ្វើអនាម័យនៅទួលយាយដូន មានទីលំនៅភូមិកើតហេតុខាងលើ (ជាម្តាយក្មេក) ត្រូវជនសង្ស័យកាប់១កាំបិត ដាច់ប្រអប់ជើងខាងឆ្វេង និង១កាំបិតដាច់មេជើងខាងឆ្វេង និង១កាំបិតចំភ្លៅឆ្វេងរបួសធ្ងន់ធ្ងរ។

ជនបង្កមានឈ្មោះ នឿន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជៀសឬស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

ស្ត្រីរងគ្រោះឈ្មោះ សុន សាមន្ថា បានឲ្យដឹងថា នាងជាស្ត្រីមេម៉ាយដែលមានកូនប្រុសម្នាក់អាយុ១១ឆ្នាំ ហើយទើបតែមានទំនាក់ទំនងជាមួយប្តីហេងស៊យ ដែលជាជនបង្កបាន៣ខែនេះទេ។

មុនពេលកើតហេតុ នារីរងគ្រោះជាប្រពន្ធ បានទៅរកការងារធ្វើនៅកាស៊ីក្រុងបាវិត ស្រាប់តែប្តីហេងស៊យទូរសព្ទ័សួរថា នៅឯណា? ស្ត្រីរងគ្រោះប្រាប់ថា មករកការងារធ្វើនៅកាស៊ីណូក្រុងបាវិត ពេលនោះជនសង្ស័យក៏ទៅតាម ដល់ខាងមុខកាស៊ីណូ ក៏និយាយថា ទៅផ្ទះវិញមិនបាច់ធ្វើការអីទេ ចាំអញឲ្យលុយ១ខែ២០ម៉ឺនរៀលចាយ។

នាងមិនទាន់បានឆ្លើយផង ស្រាប់តែប្តីហេងស៊យ ស្ទុះចូលទៅចាប់សក់បោចរករឿងវាយតែម្តង ខណៈនោះក៏ត្រូវមិត្តភក្តិចូលជួយចាប់ចេញ ហើយក៏ជិះម៉ូតូមកផ្ទះវិញ ចំណែកប្តីកំណាចក៏ជិះម៉ូតូតាមពីក្រោយ ពេលដល់ផ្ទះក៏បន្តជម្លោះ រហូតដល់ម៉ោង៨យប់ស្រាប់តែជនកំណាចទំនងជាបែកថ្នាំផង ក៏ទាញយកកាំបិតដេញកាប់ស្រ្តីជាប្រពន្ធ និងម្តាយក្មេក និងមនុស្សនៅក្នុងផ្ទះតែម្តង។

ខណៈស្រ្តីជាប្រពន្ធរត់គេចពីការកាប់ក៏បានដួលទៅលើដី ហើយស្ត្រីជាម្តាយក៏រត់ដួលពីលើកូនស្រី ក៏ត្រូវជនកំណាចកាប់ទៅលើម្តាយក្មេក១កាំបិតចំប្រអប់ជើង និង១កាំបិតដាច់មេជើងខាងឆ្វេង ១កាំបិតចំភ្លៅខាងឆ្វេងរបួសធ្ងន់ធ្ងរ និងកាប់ស្រ្តីជាប្រពន្ធ១កាំបិតចំក្បាលពីលើ មុតដល់លលាដ៏ ១កាំបិតចំកំភួនដៃស្តាំ និង១កាំបិតចំស្មងជើងស្តាំរបួសធ្ងន់ធ្ងរ ក៏ត្រូវអ្នកជិតខាង និងបងប្អូនស្រែកស្ទុះចូលមកជួយ ហើយជនសង្ស័យ ក៏រត់គេចខ្លួន ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ 

ក្រោយពីកើតហេតុ សាច់ញាតិជនរងគ្រោះបានមកប្តឹងទៅសមត្ថកិច្ច និងហៅរថយន្តសាមុយដឹកជនរងគ្រោះ២នាក់ម្តាយកូន មកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ រីឯជនសង្ស័យបានគេចខ្លួនបាត់សមត្ថកិច្ច កំពុងស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសឲ្យតាមច្បាប់៕