(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤ បានបើកសវនាការជំនុំជម្រះដោយផ្ទាល់ ដោយសម្រេចឃុំខ្លួនបុរសជនជាតិកូរ៉ឈ្មោះ CHO YUNHO អាយុ៤៧ឆ្នាំ និងប្រពន្ធខ្មែរឈ្មោះ ឆេង ណារី អាយុ៤៥ឆ្នាំ។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ និងបញ្ជូនខ្លួនពួកគេទាំង២នាក់នៅខេត្តព្រះសីហនុ តាមអំណាចដីកាសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស «រំលោភលើទំនុកចិត្ត»។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវនាំខ្លួនជនត្រូវចោទចំនួន២នាក់ នៅចំណុចបន្ទប់ជួលក្រុមទី៤៧ ភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក តាំង ស៊ុនឡាយ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១៕