(សៀមរាប)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត រយៈពេល៣ថ្ងៃ ក្រោមការចូលរួមឧបត្ថម្ភថវិកាធំ ដោយគម្រោងមូលនិធិសកល នៅសណ្ឋាគារ អង្គរ ប៉ារ៉ាឌី ក្រុងសៀមរាប។

ការបើកសន្និបាតបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្ដមានលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តសៀមរាប, តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, UNOPS , PMI/USAID, និងតំណាងអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយ ព្រមទាំងសមាជិក សមាជិកានៃអង្គសន្និបាត ប្រមាណ៣០០នាក់។

លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (CNM) បានលើកពីសមិទ្ធិផលរបស់កម្មវិធីជាតិទាំង៣ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន៖ ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៣ មាន ១,៣៨៤ករណី (អត្រាអាំងស៊ីដង់ ០.០៨/១,០០០ប្រជាជន) គឺមានការថយចុះ ៦៦% បើប្រៀបធៀបឆ្នាំ២០២២។ ក្នុងនោះប្រភេទជំងឺគ្រុនចាញ់សន្ធំ (Plasmodium Falciparum) និងចំរុះមាន ៣% និងជំងឺគ្រុនចាញ់ប្រភេទលាប់ (P. Vivax) មាន ៩៥%។

លោកបញ្ជាក់ថា ប្រភេទជំងឺគ្រុនចាញ់សន្ធំបានថយចុះយ៉ាងគំហុកចំនួន ៩២% ធៀបនឹងឆ្នាំ២០២២ ពី ៤១៤ករណី មកនៅត្រឹមតែ ៣៤ករណី។ ចំណែកជំងឺគ្រុនចាញ់ទំរង់លាប់ (P. Vivax) ក៏បានចុះ៦៤% គឺពីចំនួន ៣,៥៨១ករណីឈឺ មកនៅ ១,២៩៧ករណី។ អត្រាអាំងស៊ីដង់ជំងឺគ្រុនចាញ់គ្រប់ប្រភេទក្នុងចំណោមប្រជាជន ១,០០០នាក់ <១,០ មាន ៩៦% ស្រុកប្រតិបត្ត (នៅសល់តែស្រុកប្រតិបត្តិចំនួន ២ប៉ុណ្ណោះ ដែលមានអត្រាអាំងស៊ីដង់ជំងឺ >១,០ គឺស្រុកប្រតិបត្តិស្ទឹងត្រែង និងស្រុកប្រតិបត្តិសែនមនោរម្យ។

សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម គឺកម្ពុជាធានាបាននូវអត្រាស្លាប់ឲ្យនៅអត្រាទាបជាង ០,១៥% ជារៀងរាល់ឆ្នាំដែលស្របតាមយុទ្ធសាស្រ្តសកល។ ឆ្នាំ២០២៣ ជំងឺគ្រុនឈាមសរុបចំនួន ៣៥,៣៩០ករណី និងស្លាប់ចំនួន៩៩នាក់ (អត្រាស្លាប់ ០,២៨%) គឺកើនឡើងជិត៣ដងធៀបនឹងករណីឆ្នាំ២០២២ ដែលមាន ១២.៩៨៥ករណី និងស្លាប់ ២១នាក់។
សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន កំពុងដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកសម្រេចនូវសុចនាករមួយចំនួនទាក់ទងនឹង អាហាររូបត្ថម្ភ អត្រាស្លាប់របស់កុមារនិងមាតា តាមរយៈយុទ្ធសាស្រ្តជាតិប្រយុទ្ធ និងគ្រប់គ្រងជំងឺដង្កូវព្រូន ក្នុងទិសដៅលើកកំពស់សុខភាពរបស់ប្រជាជនប្រឈមនឹងជំងឺព្រូនស៊ីស្តូ ព្រូនអំបោះ (ឬជំងឺព្រូនជើងដំរី) ព្រូនឆ្លងតាមដី និងដង្កូវព្រូនពោះវៀនដទៃទៀតប្រកបដោយនិរន្តរភាព។

ថ្លែងនៅក្នុងកម្មវិធីបើកសន្និបាតនាព្រឹកនោះ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានថ្លែងផងដែរថា ជួសមុខឱ្យលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ ដល់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាពិសេសចំពោះប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺក្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ចូលរួមយ៉ាងសស្រាក់សស្រាំ ខិតខំប្រឹងប្រែងសហការគ្នាគាំទ្រកម្មវិធីជាតិទាំងនេះ ឲ្យដំណើរការទៅដោយរលូនជាបន្តបន្ទាប់ ដល់បច្ចុប្បន្ន ប្រកបដោយសមិទ្ធផលវិជ្ជមានផ្លែផ្កាជាទីមោទនៈបំផុត។

លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សព្វថ្ងៃ យើងកំពុងមានសុទិធិនិយមយ៉ាងធំធេងបំផុត ក្នុងការទទួលបានការអភិវឌ្ឍប្រទេសជាតិរីកចម្រើនឥតឈប់ឈរ ផ្ដល់សុខសន្តិភាព ភាពសុខសាន្តដល់ប្រជាជន ទ្រមទាំងសិទ្ធិស្មើមុខមាត់ប្រទេសជាតិ ទាំងក្នុងតំបន់ និងសកលលោក។

លោកបានមានជំនឿថា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ រយៈពេលបីថ្ងៃនេះ ពិតជានឹងនាំមកនូវធាតុចូលជាបទពិសោធន៍អនុវត្តជាក់ស្ដែងល្អៗ និងមានការពិគ្រោះយោបល់ជាភាតរភាព បើកចំហរ ទូលំទូលាយ កំណត់បាននូវបញ្ហាប្រឈម និងដំណោះស្រាយជាគន្លឹះ បង្កើនកិច្ចសហការ/សហប្រតិបត្តិការ និងកំណត់បាននូវគោលការណ៍ ទាំងបរិមាណ គុណភាព និងប្រសិទ្ធិភាពការងារ សម្រាប់ជាទិសដៅឆ្នាំ២០២៤ និងឆ្នាំបន្ត៕