(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសកល (UHC)» ដែលប្រព្រឹត្ដទៅក្រោមវត្ដមានលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

ទិវាខាងលើនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងតំណាងដៃគូអភិវឌ្ឍរួមមាន WHO, UNICEF, UNFPA, FHI 360 ព្រមទាំងតំណាងស្ថាប័ន និងអង្គភាពផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី បានថ្លែងសារលិខិត និងសារអំពាវនាវសំខាន់ៗ ៨ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនចំពោះបង-ប្អូនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចេញនូវសារលិខិតដ៏មានសារៈសំខាន់ ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារដែលប្រកបដោយអត្ថន័យ និងសូមប្រកាសគាំទ្រទាំងស្រុងនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់យកធ្វើជាក្បួនខ្នាតក្នុងការអនុវត្តបន្ត ជាពិសេសចូលរួមក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ដថា «នៅពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាមួយ ដែលមានប្រជាជនមានសុខភាពល្អប្រសើរជាងមុន សូមយើងចូលរួមទាំងអស់គ្នាជាធ្លុងមួយ ក្នុងការពង្រឹងបន្ថែមទៀតនូវគុណភាពសេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំជាងមុន និងផ្តល់សេវាសុខភាពទៅដល់ប្រជាជនគ្រប់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។ យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងអនាគតមួយដែលម្តាយ ទារក និងកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ ហើយដែលគាត់សមនឹងទទួលបាន»

សូមជម្រាបថាទិវាដែលបានប្រារព្ធធ្វើនៅថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធានាសុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការគ្របដណ្តប់សុខភាពជាសកល មានគោលបំណងដើម្បីធានាថាមនុស្សគ្រប់រូបអាចទទួលបានសេវាសុខភាព ដែលមានគុណភាពដោយមិនប្រឈមនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ ជាពិសេសកាត់បន្ថយអត្រាមរណភាពមាតានៅឆ្នាំ២០៣០ និងរក្សាបានជោគជ័យក្នុងការលើកកម្ពស់សុខភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ។

ការរៀបចំទិវានេះឡើង ផ្តល់ឱកាសក្នុងការជួបជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងសុខាភិបាល និងដៃគូសុខាភិបាល ដើម្បីរួមគ្នាក្នុងការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ជាពិសេសការពង្រឹងការថែទាំសុខភាពមាតា ទារក និងកុមារ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងសង្គមទាំងពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលពីរទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាស្លាប់ទារកនិងកុមារ ដែលទាំងនេះក៏ដោយសារកតា្តរួមចំណែកដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាលនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៤ មកត្រឹម ៨នាក់ សម្រាប់ទារកក្នុង១០០០កំណើតរស់, កុមារតិចជាង១២នាក់ក្នុង១០០០កំណើតរស់ និងកុមារនៅក្រោមអាយុ៥ឆ្នាំ នៅត្រឹម១៦នាក់ ក្នុង១០០០កំណើតរស់ នាឆ្នាំ២០២១-២០២២។ នេះមានន័យថាប្រទេសកម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម ១ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ។

ចំពោះស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន ៩៩នាក់ ក្នុង១០០នាក់ បានរាយការណ៍បានទទួលការថែទាំពីបុគ្គលិកសុខាភិបាល ដែលបានបណ្តុះបណ្តាលក្នុងកំឡុងពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣៨% ក្នុងឆ្នាំ២០០០។ ដូចគ្នានេះដែរស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល បានកើនពី ៣២% ក្នុងឆ្នាំ២០០០ ដល់ ៩៩% ក្នុងឆ្នាំ២០២១-២០២២។

ទន្ទឹមនឹងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាបន្តកាត់បន្ថយអត្រាមរណភាពមាតា កិច្ចខិតខំប្រឹងប្រែងបន្តការបង្កើនការទទួល បាននូវការថែទាំសុខភាពទារក និងកុមារក៏ត្រូវតែដើរទន្ទឹមគ្នាផងដែរ។ លើសពីនេះទៀតការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ការជំរុញដំណោះស្រាយដោយប្រើសុខភាពឌីជីថលនិងជំរុញការចូលរួមរបស់បុគ្គល គ្រួសារនិងសហគមន៍ក្នុងការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងទារក គឺជាជំហានដ៏សំខាន់ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)៕