(ភ្នំពេញ)៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគម ខ្មែរកម្ពុជាក្រោមពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម សម្រេចចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។

អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ រូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី សូមប្រកាសដើរចេញ និងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចំរើន ក្រោមម្លប់សន្តិភាព។

នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ជួបសម្ភាសជាមួយអ្ន​កសារព័ត៌មាននៅមន្ទីរបក្សរាជធានីភ្នំពេញ, លោក សាន សាង បានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានការអភិវឌ្ឍពិតប្រាកដ ជាមួយការបម្រើសង្គ្រោះប្រជាពលរដ្ឋ»

លោកបានថ្លែងថា «ដោយមើលឃើញពីការទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះអតីតគណបក្សប្រឆាំង និងមានការមើលថែពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ខ្លាំង ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត មកលើបងប្អូនយើងខ្ញុំដែលជាអតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមរស់ជាមហាគ្រួសារខ្មែរតែមួយ គ្មានការរើសអើង ទើបលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយចូលមករួមរស់ជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ»

លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់សម្រាប់អតីតមន្រ្តីគណបក្សប្រឆាំង។ ជាក់ស្ដែងនៅពេលនេះ ខណៈលោកជួបជាមួយលោក ឃួង ស្រេង លោកពិតជាមានការស្វាគមន៍យ៉ាងខ្លាំងក្នុងនាមជាគ្រួសារខ្មែរតែមួយ គ្មានការរើសអើងនោះទេ។

លោកបានមើលឃើញថា «សម្ដេចតេជោ ហ៊ុន សែន មានបេះដូងល្អ មានមេត្តាធម៌ ជាមួយអតីតគណបក្សប្រឆាំង ក្នុងគោលបំណងបង្រួបបង្រួមជាតិ ឲ្យរស់នៅដោយភាពសុខដុមរមនាជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព»

លោកប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍ប្រទេសក្រោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិកម្ពុជាយើងឈានដល់គោលដៅ ជាប្រទេសប្រទេសជឿនលឿន មានចំណូលខ្ពស់នៅ២០៥០។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងបទបញ្ជាថ្មីៗលើការងារបង្ក្រាបគ្រឿងញៀន, លោក សាន សាង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង៕