(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារកិច្ចជួយដល់កិច្ចការ វិនិយោគ បរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានលើកឡើងថា តាមរយៈបណ្តាញសង្គម ​Facebook នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ ឆាកអន្តរជាតិ ដោយសារលោកមិនត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកតែងតែឈឺឆ្ងាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយនៃវិបត្តិនយោបាយប្រទេសក្នុងតំបន់ និងអន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោក ព្រាប កុល បានធ្វើឡើងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺឯកឧត្តម ថាក់ស៉ីន ស៉ីណាវ៉ាត្រា។ សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបង ប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

លោក ព្រាប កុល បានបន្តថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែមានសមត្ថភាពពេញលេញ និងមានទេពកោសល្យពិសេសសក្តិសមជាមេដឹកនាំកំពូលនោះទេ លោកក៏ជាឥស្សរជនដែលមានគុណធម៌ដ៏ធំធេងផងដែរ ជាក់ស្តែង លោករាប់អានមិត្ត ឬបងប្អូនធម៌ មិនមែនតែនៅពេលមិត្ត ឬបងប្អូនធម៌នោះមានអំណាចនោះទេ ទោះក្នុងស្ថានភាពផ្សេងពីនោះក៏លោកនៅតែរក្សាចំណងមិត្តភាព និងមនោសញ្ចេតនាជាមិត្ត ជាបងជាប្អូនធម៌ និងជាគ្រួសារលោកដែរ។

លោកបានបញ្ជាក់ថា នេះគឺជាគុណធម៌នៃមេដឹកនាំកំពូល និងជាគំរូសម្រាប់មនុស្សជាតិគ្រប់ជំនាន់៕