(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា ក៏ដូចជាដើម្បីពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការសហការស្របសម្រួលពីលោកស្រីបណ្ឌិត Devyani Uttam Khobragade ដើម្បីអាចឱ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅប្រទេសឥណ្ឌា ជួបពិភាក្សាការងារ និងបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌា គួរជ្រើសរើសយកកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី ផែនការមេរបស់កម្ពុជាដែលមានសក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌាអាចពិនិត្យលទ្ធភាពជ្រើសរើសគម្រោងវិនិយោគរបស់ខ្លួន ចេញពី «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» ដែលជាផែនការមេថ្នាក់ជាតិ មានគម្រោងចំនួន១៧៤គម្រោង ប្រមូលផ្ដុំដោយផែនការមេចំនួន០៧សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ជាមួយគ្នានេះដែរ ក្រោយសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា រហូតសម្រេចដល់មានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-អង់គ្លេស គឺជាទឡ្ហីករជំរុញឱ្យ លោកស្រីបណ្ឌិត បង្ហាញចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យា ជាស្នូល៕