(កំពង់ឆ្នាំង)៖ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតា ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង កំពុងខ្វះខាតទឹក និងចាប់ផ្ដើមក្រៀមស្វិតជាបណ្ដើរៗ ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយក្នុងការនាំទឹកយកមកស្រាចស្រពដើម្បីសង្គ្រោះឲ្យបានទាន់ពេលវេលាផងដែរ បើមិនដូច្នោះទេនឹងត្រូវបាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ជាក់ជាមិនខានឡើយ។

ក្នុងកិច្ចសហប្រតិបត្តិការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះផងដែរ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ ដែលមានថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងកងកម្លាំងប្រដាប់អាវុធ សហការជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ ចុះស្ដារប្រឡាយមួយខ្សែដោយប្រើកម្លាំងពលកម្ម ដើម្បីនាំទឹកពីស្ទឹងជានិត ស្ថិតក្នុងឃុំសំរោងសែន ស្រុកកំពង់លែង យកមកស្រេាចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹករាប់ពាន់ហិកតា នៅក្នុងឃុំច្រណូក ដែលដំណាំស្រូវរបស់ពួកគាត់ទើបតែនឹងលូតលាស់ថ្មី។

លោក យ៉ែម លក្ខិណា បានបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋប្រមាណជា៨ពាន់ហិកតានៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងត្រូវការទឹកក្នុងការជួយសង្គ្រោះជាបន្តទៀត និងជាបន្ទាន់ផងដែរ។ ហេតុនេះត្រូវការនាំទឹកពីស្ទឹងជានិត ក្នុងឃុំសំរោងសែន ដើម្បីយកមកស្រោចស្រព ឯការនាំទឹកពីស្ទឹងជានិតនេះ ក៏ជួបបញ្ហាលំបាកដោយសារតែប្រឡាយមានសភាពគោករាក់ រីឯគ្រឿងចក្រក៏មិនអាចយកចូលមក ហេតុនេះមានតែប្រើកម្លាំងពលកម្មប្រជាពលរដ្ឋ រួមនឹងអាជ្ញាធរនាំគ្នាកកាយភក់ល្បាប់នៅតាមចំណុចមួយ ចំនួនដែលគោករាក់ ធ្វើឲ្យស្ទះមុខទឹកដើម្បីបើកមុខទឹកឲ្យហូរឡើងវិញ។

លោកអភិបាលស្រុក បានបន្ដថា បច្ចុប្បន្ននេះចំពោះការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែងនេះ គឺលោកអភិបាលខេត្ត មានការយកចិត្តទុកដាក់ខ្ពស់ តែងតែបានផ្ដល់ការប្រឹក្សាយោបល់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាប្រចាំដោយរិះរកគ្រប់មធ្យោបាយក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ដែលកំពុងជួបបញ្ហាខ្វះទឹកស្រាចស្រព ដោយលោកនឹងមិនទុកឲ្យស្រូវស្រែរបស់ប្រជាកសិករណាម្នាក់ ក្រៀមស្វិតបាត់បង់ផលប្រយោជន៍នោះឡើយទោះជាក្នុងតម្លៃណាក៏ដោយ។

ដោយឡែក នៅស្រុកកំពង់លែង លោកអភិបាលខេត្តក៏តែងបានចុះមកពិនិត្យដោយផ្ទាល់ជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះ លោកក៏បានចាត់ឲ្យលោក សាន់ យូ អភិបាលរងខេត្ត នៅប្រចាំការជាប់ជាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមសហការជានិច្ចជាមួយប្រជាពលរដ្ឋម្ចាស់ស្រែ ក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

នៅស្រុកកំពង់លែងនេះ កន្លងមកអាជ្ញាធរបានជួយសង្គ្រោះសូវប្រាំងរបស់ប្រជាពលរដ្ឋបានរហូតរាប់ពាន់ហិកតា ឲ្យរួចផុតពីការក្រៀមស្វិតរួចមកហើយដែរ។ លោកអភិបាលស្រុក បញ្ជាក់ទៀតថា តាមរយៈលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តបានជួយឧបត្ថម្ភដល់ក្រុមការងារស្ដារប្រឡាយប្រើដោយកម្លាំងពលកម្ម ចំនួន១លានរៀល សម្រាប់ដោះស្រាយអាហារសាមគ្គីជាមួយប្រជាពលរដ្ឋនៅកណ្ដាលវាលស្រែមាត់ប្រឡាយខាងលើនេះ ដែលប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងក្តីរីករាយយ៉ាងក្រៃលែង៕