(ភ្នំពេញ)៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយក្នុងបញ្ជីនេះមានបញ្ជាក់អំពីការិយាល័យចុះឈ្មោះបោះឆ្នោត។

លោក មាន សទិ បានបញ្ជាក់ថា កន្លែងដែលត្រូវបិទផ្សាយគឺនៅលេខាធិការដ្ឋាននៃគ ណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសាលាឃុំ សង្កាត់។

ការឱ្យដឹងបែបនេះ របស់លោក មាន សទិ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោតមុនពេលចុះឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅលគធ.ខប និងទីប្រជុំជនក្រុង ស្រុក ខណ្ឌពាក់ព័ន្ធសម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយត្រូវបញ្ចប់នៅថ្នាក់ គ.ជ.ប។

ជាមួយគ្នានេះដែរ លោក មាន សទិ បានបញ្ជាក់ថា បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមក្រុង ស្រុក ខណ្ឌ នីមួយៗដែលអ្នកបោះឆ្នោតគឺជាក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗនៅទូទាំងប្រទេស។

លោកបានបន្ថែមថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធរួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

លោក មាន សទិ បានគូសបញ្ជាក់ថា ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូន បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។

គ.ជ.ប ត្រូវណែនាំគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យផ្សព្វផ្សាយជាសាធារណៈអំពីរយៈពេល និងកាលបរិច្ឆេទ ព្រមទាំង ប្រតិទិនសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៃអង្គបោះឆ្នោតនីមួយៗ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ មុនពេលចាប់ផ្ដើម។ បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងក្របខណ្ឌ ក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តនីមួយៗត្រូវបានរៀបចំតាមអក្ខរក្រមនៃឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងនៃការិយាល័យបោះឆ្នោតនីមួយៗ។

សូមបញ្ជាក់ជូនថា អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ. ប និង គធ.ខប មានលទ្ធភាពសង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត៕