(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកការកសាងមូលធនមនុស្ស ដែលប្រកបដោយសម្បទាពេញលេញតាមរយៈវិស័យអប់រំ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញកម្មវិធីសិក្សាថ្មីមួយ ដែលទើបបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានឈ្មោះថា «អក្ខរា - AKHARA» នៅលើប្រព័ន្ធទូរស័ព្ទដៃ ដើម្បីលើកកម្ពស់សម្បទាអប់រំនៃសិស្សានុសិស្សនៅកម្រិត មធ្យមសិក្សា លើបំណិនអំណាន និងការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ពាក្យ «អក្ខរា-AKHARA» ជាពាក្យកាត់នៃការលើកកម្ពស់ចំណេះដឹង ពង្រឹងសមត្ថភាព និងកែលម្អវិធីសាស្ត្ររៀនវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា តាមរយៈការបង្កើនភាពចម្រុះនៃមាតិកាឌីជីថល ឬ AKHARA (Accelerated Knowledge, Heuristic Aptitude, and Rationalized Approach for Learning Science and Technology through Digital Content Enrichment) ដែលជាដំណោះស្រាយក្នុងបរិបទ នៃបរិវត្តកម្មឌីជីថល ដែលឆ្លើយចំពោះបញ្ហាភាពមានកម្រិតនៃសមត្ថភាព អានរបស់សិស្សានុសិស្ស ក៏ដូចជាកង្វះធនធានសិក្សាចម្រុះ និងទំនើបដែលទាក់ទងនឹងការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

កម្មវិធីពង្រឹងអំណាន «អក្ខរា-AKHARA » មានគោលបំណងលើកកម្ពស់សម្បទាអប់រំ នៃសិស្សានុសិស្សនៅកម្រិត មធ្យមសិក្សា លើបំណិនអំណាននិងការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តាមរយៈការបង្កើតវេទិកាឌីជីថល ដែលសមស្របការ បង្កើនភាពចម្រុះនៃមាតិកាឌីជីថល និងការដឹកនាំយុទ្ធនាការផ្សព្វផ្សាយឱ្យបានដល់ដៃសិស្សានុសិស្សជាគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព សមធម៌ បរិយាបន្ន និងការអប់រំពេញមួយជីវិត ក្នុងបរិការណ៍នៃដំណើរវិវត្តរបស់កម្ពុជាឆ្ពោះទៅកាន់សង្គមសេដ្ឋកិច្ចឌីជីថល។

កម្មវិធីពង្រឹងអំណាន «អក្ខរា AKHARA » ត្រូវបានបង្កើតឡើងសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពនៃការអាន ការស្តាប់ និងការសរសេររបស់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលទើបនឹងបញ្ចប់ថ្នាក់បឋម សិក្សា និងត្រៀមឬកំពុងសិក្សានៅកម្រិតវិទ្យាល័យដែលមានការលំបាកផ្នែកអំណាន។

ជាដំណោះស្រាយកម្មវិធីពង្រឹងអំណាន «អក្ខរា-AKHARA» បានរៀបសិក្ខាសាលាពិគ្រោះយោបល់លើមុខងារ និងកម្រងមាតិកាជាមួយសាស្ត្រាចារ្យផ្នែកអក្សសាស្ត្រខ្មែរ និងសម្រេចចងក្រងនូវអត្ថបទអំណានអក្សរ សិល្ប៍ខ្មែរសំខាន់ៗ ដែលដកស្រង់ចេញពីសៀវភៅសិក្សាគោលរួចរៀបចំទៅតាមមេរៀន និងកម្រិតថ្នាក់ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI)៕