(ភ្នំពេញ)៖ រដ្ឋាភិបាលកាណាដា បានផ្តល់ថវិកាចំនួន ៣៦០,០០០ ដុល្លារកាណាដា ស្មើនឹងប្រមាណជា ២៦៦,០០០ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំ។

ការប្រកាសនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់លោក Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះលោក Alan Bowman បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ជាមួយគ្នានោះលោក Alan Bowman បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍននៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិទៅនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ប្រាប់អគ្គនាយកនៃក្រសួងការបរទេសកាណដាថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥៕