(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ ភ្លាមៗបន្ទាប់ពីប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News, សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»

សូមជំរាបថា ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះពោលគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ានេះតែម្តង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕