(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់នេះ បានបញ្ជាក់បន្ថែមជុំវិញ បេក្ខភាពប្រធានសមាគមសិល្បករកម្ពុជា។

សម្តេចបានលើកឡើងថា «បន្ទាប់ពីបានអានយោបល់របស់បងប្អូនលើការដាក់បេក្ខជនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ ខ្ញុំសូមបញ្ជាក់ និងលើកជាគំនិតមួយចំនួនដូចខាងក្រោម៖

១. ខ្ញុំបញ្ចេញមតិផ្ទាល់ក្នុងនាមជាពលរដ្ឋម្នាក់ ដែលពុំមានសិទ្ធិបោះឆ្នោតរើសប្រធានសមាគមនោះទេ។
២. សន្លឹកឆ្នោតស្ថិតនៅលើដៃរបស់សិល្បករសិល្បការីនីដែលមានសិទ្ធិបោះឆ្នោតឯណោះវិញទេ។
៣. រវាងសិល្បៈ និងជំនួញមិនគួរផ្សាភ្ជាប់គ្នាទេ។ ខ្ញុំដឹងពីការយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងការប្រគល់ផ្ទះ ដោយសារកប់ទុនលើដីចំនួនច្រើន តែក្រុមហ៊ុន
មិនទាន់ក្ស័យធនរហូតមិនអាចមកធ្វើប្រធានសមាគមនិងជួយដល់សិល្បៈបានដែរ។
៤. មិនតម្រូវថាទាល់តែចេះសិល្បៈទើបធ្វើប្រធានសមាគមសិល្បៈបាននោះទេ។ ដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង
វប្បធម៍យើងមិនមែនជាអ្នកសិល្បៈទេតែគាត់អាចគ្រប់គ្រងបានលើគ្រប់ផ្នែក។ នៅប្រទេសថៃពេលនេះរដ្ឋមន្ត្រី
ក្រសួងការពារជាតិមិនមែនជាទាហានទេ គឺជាជនស៊ីវិលសុទ្ធសាធ តែគាត់អាចគ្រប់គ្រងទាហានបាន។ ប្រទេស
មួយចំនួនរដ្ឋមន្ត្រីក្រសួងសុខាភិបាលមិនមែនជាវេជ្ជបណ្ឌិតឬគ្រូពេទ្យទេ តែគេគ្រប់គ្រងលើវិស័យសុខាភិបាលបាន។

ដើម្បីងាយស្រួល ខ្ញុំស្នើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិនទុកលទ្ធភាពឱ្យ ឬមួយអ្នកនាង
ចន ច័ន្ធលក្ខិណា បន្ត ឬមួយរកបេក្ខភាពផ្សេងធ្វើប្រធានសមាគមសិន។

គំនិតរបស់របស់ខ្ញុំមិនចង់ឃើញការលំបាករបស់សមាគមក្នុងការស្វែងរក ថវិកាជួយសិល្បករ សិល្បការិនីជួបការលំបាក។
ឧកញ៉ា ហេង ឡុង និងអ្នកនាងចន ចន្ធ័លក្ខិណា បានប្រឹងប្រែងជាមួយខ្ញុំប៉ុន្មានឆ្នាំមកនេះអស់ថវិកាច្រើន
ដើម្បីជួយសិល្បករសិល្បការិនីដែលជួបការលំបាក។ ខ្ញុំសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អមានលទ្ធភាពជួយសិល្បករ
សិល្បការិនីបាន។ សម្រាប់ឧកញ៉ា ឡេង ណាវ៉ាត្រា រង់ចាំពេលក្រោយក៏មិនយឺតពេលដែរ»៕