(ភ្នំពេញ)៖ កុមារកម្ពុជា ៣រូបបន្ថែមទៀត ដែលមានជំងឺបេះដូងចំហ បានទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន ក្រោមការសម្របសម្រួលដោយអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ នេះបើតាមការឱ្យដឹងពីលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លើកឡើងនៅពិធីជួបសំណេះសំណាល ជូនដំណើរកុមារមានជំងឺបេះដូងចំហ ទាំង ៣រូប ទៅព្យាបាលនៅប្រទេសចិន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡាវ វ៉ាន់ បានឱ្យដឹងថា សុខភាពល្អរបស់កុមារ គឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។ កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្មនៅក្នុងការស្វះស្វែងរកប្រភពជំនួយនានាទ្រទ្រង់ដល់ដំណើការសម្របសម្រួលជូនដល់កុមារកម្ពុជាទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។

ពោរពេញដោយក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារនេះ លោក ថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់លោក ឡាវ វ៉ាន់ ដែលបានជួយឧបត្ថម្ភទាំងស្រុងលើការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក លិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ទាំងមុនពេលទៅ និងក្រោយពេលត្រឡប់មកពីការព្យាបាល ដើម្បីសម្រាលបន្ទុកយ៉ាងច្រើនដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហទាំង ៣រូប និងអ្នកកំដរ៣រូប បានមានលទ្ធភាពគ្រប់គ្រាន់ទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ FUWAI ខេត្តយូណាន ប្រទេសចិន។

លោកបានគូសរំលេចបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ផងដែរថា ដោយទទួលបានការក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន ទើបចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពឡើងវិញជូនដល់កុមារអាយុក្រោម១៤ឆ្នាំ នៅក្នុងក្រុងព្រះវិហារ ស្រុកបាទី និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហើយជាលទ្ធផលមានកុមារ៣រូបត្រូវ រកឃើញថាមានជំងឺបេះដូងចំហដែលគ្រោងនឹងបញ្ជូនទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគិតមកដល់ពេលនេះមានកុមារចំនួន៩០រូបដែលទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមិត្តចិន៕