(ពោធិ៍សាត់)៖ ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងចូលបាញ់ស្រោច ចំនួន០៦គ្រាប់ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បណ្ដាលឱ្យរងរបួស ចំនួន០៣នាក់ ខណៈដែលជនរងគ្រោះម្នាក់ រងរបួសធ្ងន់ធ្ងរជាងគេ បែកថ្លើមទាំងសងខាង (ឆ្វេង និងស្ដាំ) ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះនោះ, នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធូរស្បើយច្រើនហើយ និងត្រៀមចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទៅលំនៅដ្ឋានខ្លួនវិញ ក្រោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្ត និងបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ លើក្រុមគ្រួសារអ្នករកស៊ីត្រី ក្នុងក្រុងពោធិ៍សាត់ គឺបានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ករណីនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានដាក់ការសន្និដ្ឋានជំហានដំបូង គឺអាចផ្តើមចេញពីរឿងគំនុំ។

តាមរបាយការណ៍របស់នគរបាលខេត្ត បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់មុខ មានគ្នាចំនួន០២នាក់ ប្រដាប់ដោយអាវុធខ្លី មិនស្គាល់ម៉ាក ជិះម៉ូតូ០១គ្រឿង គ្មានស្លាកលេខ មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរសំដៅចូលទៅបាញ់បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រី ចំនួន០៣នាក់ រួមមាន៖

ទី១៖ លោក ទិត្យ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្មទិញ-លក់ត្រី រងរបួសស្រាល
ទី២៖ លោកស្រី ជា វួចហេង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ (បែកថ្លើម ធ្លាយថង់ប្រម៉ាត់ និងធ្លាយក្រពះ)
និងទី៣៖ លោក ជា ណៃហួយ ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសស្រាល។ 

ក្រោយពេលកើតហេតុ ជនដៃដល់បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ករណីនេះ សមត្ថកិច្ចជំនាញ របស់អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្ត បាននឹងកំពុងសហការដុតដៃដុតជើង ដើម្បីស្រាវជ្រាវវែងរកមុខជនដៃដល់ មកចាត់ការតាមនីតិវិធីច្បាប់។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានចុះសួរសុខទុក្ខ លោក ឡឹង ធាង អាយុ៦៧ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំស្វាយដូនកែវ ស្រុកបាកាន ដែលមានបញ្ហាសុខភាពចុកពោះខ្លាំងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្ត ធ្វើការពិនិត្យ និងបានរកឃើញមានស្ទះគ្រាប់គ្រួស នៅបង្ហួរនោមទាំងសង្ខាងស្ថានភាពអ្នកជំងឺ មិនទាន់ធ្ងន់ធ្ងរ ស្ថិតក្នុងការតាមដាននៅឡើយ៕