(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យស្ថាប័ន-អង្គភាពវិស័យឯកជនសូមកុំទទួលបុគ្គលិកណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ហើយកម្ពុជាក៏នឹងដាក់វិធានការតឹងរឹងជាងមុនចំពោះស្ថាប័នឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ឬអាចជាប់ក្នុងបញ្ជីខ្មៅយូរឆ្នាំ និងរងវិធានការធ្ងន់ធ្ងរទៀតផង។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចធិបតីបានថ្លែងថា សម្ដេចបានឯកភាពឱ្យធ្វើប្រព័ន្ធទិន្នន័យរួមមួយ ដោយត្រូវមានកិច្ចពិភាក្សារវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ជាដើម ដើម្បីធ្វើចែករំលែកទិន្នន័យបញ្ជីឈ្មោះមន្ត្រីដែលត្រូវបណ្ដេញចេញពីក្របខណ្ឌដោយសារគ្រឿងញៀន ដើម្បីបង្ការកុំឱ្យអតីតមន្ត្រីទាំងនោះចូលធ្វើការនៅក្រសួង ស្ថាប័ន អង្គភាពស្ថាប័នផ្សេងៗទៀត។ កិច្ចការនេះ ត្រូវបានសម្ដេចធិបតីផ្ដល់គោលការណ៍ឱ្យបើកកិច្ចពិភាក្សា និងរៀបចំឱ្យបាននាពេលខាងមុខ ពោលគឺចាំបាច់ត្រូវមានវិធានការតឹងរឹងចំពោះមន្ត្រីប្រភេទនេះ ឬត្រូវដាក់ឱ្យជាប់កាតព្វកិច្ចទំនួលខុសត្រូវសង្គមផ្សេងៗ មុននឹងបើកឱកាសម្ដងទៀតដល់ពួកគេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យស្ថាប័ន-អង្គភាពវិស័យឯកជនសូមកុំទទួលបុគ្គលិកណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ហើយកម្ពុជាក៏នឹងដាក់វិធានការតឹងរឹងជាងមុនចំពោះស្ថាប័នឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ឬអាចជាប់ក្នុងបញ្ជីខ្មៅយូរឆ្នាំ និងរងវិធានការធ្ងន់ធ្ងរទៀតផង។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃក្រោយនឹងមានវិធានការចំពោះអាជីវកម្មឯកជនណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន អាចថាត្រូវមានវិធានការធ្ងន់ជាងមុន ឬដាក់ក្នុងបញ្ជីខ្មៅប៉ុន្មានឆ្នាំ ឬត្រូវមានវិធានការយ៉ាងណាខ្លះទៀត»

សម្ដេចធិបតីបានប្រៀបធៀបការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងប្រទេស ដូចទៅនឹងការសម្អាតចកនៅក្នុងបឹងដូច្នេះដែរ។ ចកបានកើតមានពេញបឹងទៅហើយ យើងមិនអាចចុះទៅសម្អាតវាទាំងគ្មានវិធីសាស្ត្រច្បាស់លាស់នោះទេ គឺត្រូវចុះសម្អាតនៅតាមកន្លែងមួយៗ ហើយធ្វើរនាំងរាំងជុំវិញទីដែលសម្អាតហើយនោះ កុំឱ្យចកផ្សេងរសាត់ចូលមកកន្លែងដែលយើងសម្អាតហើយ។ កាលណាយើងសម្អាតកន្លែងមួយរួចហើយ ត្រូវបន្តធ្វើនៅកន្លែងផ្សេងៗទៀតដោយត្រូវរាំងរនាំងដូចគ្នាដែរ។ ទីបំផុត នៅពេលណាមួយនោះ ចកនឹងត្រូវសម្អាតអស់ពីក្នុងបឹងរបស់យើង។ ការបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ត្រូវមានវិធានការច្បាប់ ទាមទារឱ្យមានយុទ្ធនាការ ឬចលនាចូលរួមអនុវត្តនៅតាមស្ថាប័ន អង្គភាពនីមួយៗដែរ។ ធ្វើដូច្នេះ កន្លែងដែលមានចកនឹងកាន់តែរួមតូច ហើយបញ្ហាគ្រឿងញៀននឹងកាន់តែត្រូវបានកាត់បន្ថយចេញពីសង្គម៕