(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់ប្រាប់ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារ បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការយកចិត្តទុកខ្ពស់របស់សម្តេចធិបតី ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងផ្តល់កិត្តិយសបោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ក្នុងនាមសម្តេចធិបតី ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាជួយគាំទ្រដល់ដំណើររៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា លទ្ធផលនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអ៊ឺរ៉ុប កាលពីឆ្នាំ២០២៣ កន្លងទៅ ត្រូវបានចាត់ទុកជាធាតុមួយយ៉ាងសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលផែនការអាទិភាពមួយ ក្នុងចំណោមផែនការអាទិភាពចំនួនបី របស់កម្ពុជា។

លោក Igor Driesmans បានសម្តែងនូវការអបអរសាទរដែលកម្ពុជាទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ។ ដោយឡែកពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា ឱ្យជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោក Igor Driesmans បានដាក់សំណើនេះរួចហើយដល់ទីស្នាក់កណ្តាលរបស់សហភាពអ៊ឺរ៉ុប ដើម្បីធ្វើការពិចារណា។

ជាមួយគ្នានេះ លោក Igor Driesmans បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងការងារបោសសម្អាតមីន ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន គឺជាកិច្ចការសំខាន់ក្នុងរួមចំណែកកាត់បន្ថយជនរងគ្រោះ និងការអភិវឌ្ឍនៅកម្ពុជា៕