(ភ្នំពេញ)៖ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តាំផ្ញើចំនួន ៥ចំណុចសំខាន់ៗ ដល់មន្រ្តីថ្មីក្របខណ្ឌឆ្នាំ២០២៣ ដើម្បីក្លាយជាមន្ត្រីដ៏ល្អ។

ការផ្តាំផ្ញើបែបនេះ បានធ្វើឡើងនៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ លើកិច្ចការរដ្ឋបាល សម្រាប់មន្រ្តីថ្មីក្របខណ្ឌឆ្នាំ២០២៣ នៅទីស្តីការក្រសួង រៀបចំដោយសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌។

ក្នុងវគ្គនេះ សាលាបានកំណត់ជ្រើសយកមន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២៣ សរុបចំនួន ៦០រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ២៨រូប មកពីអាជ្ញាធរជាតិសំបូរព្រៃគុក សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គណៈកម្មការបេតិកភណ្ឌ ពិភពលោក សាលាមធ្យមវិចិត្រសិល្បៈ បណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើង ទៅកាន់មន្រ្តីថ្មីក្របខណ្ឌឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖
* ត្រូវគិតវិជ្ជមាន៖ ការគិតវិជ្ជមាន នាំឲ្យរឿងមិនល្អក្លាយទៅជារឿងល្អ។ លោកឧទាហរណ៍ថា បើសិនជាខ្លួនមានការងារច្រើនត្រូវបំពេញ ចូរកុំគិតថា វាជាបន្ទុក តែត្រូវគិតថា វាជាសំណាង ដែលខ្លួនត្រូវបានប្រគល់ភារកិច្ចឲ្យធ្វើ។
* ត្រូវអភិវឌ្ឍខ្លួនជាប្រចាំ៖ ការអភិវឌ្ឍខ្លួននេះ សម្តៅដល់ការរៀនសូត្រមិនឈប់ និងការអាន។ លោកឧទាហរណ៍ថា កាលនៅជាមន្ត្រីធម្មតា លោកតែងតែទទួលបានការប្រដៅពីគ្រូបង្រៀន ឲ្យខិតខំរៀនសូត្រ ព្រោះចំណេះនាំមកនូវអនាគតដ៏ល្អ។
* ធ្វើចិត្តឲ្យទូលាយ៖ ការធ្វើចិត្តឲ្យទូលាយ គឺរាប់អានគ្រប់មនុស្ស មិនថាជាមិត្តឬសត្រូវ។ លោកណែនាំថា ទោះមាននរណាចាត់ទុកថាខ្លួនជាសត្រូវ ក៏ត្រូវចាត់ទុកគេជាមិត្តវិញ។
* លើកទឹកចិត្តខ្លួនឯង៖ លើកទឹកចិត្តខ្លួនឯងជារឿងសំខាន់។ លោកថ្លែងថា ជួនកាលមិនមាននរណាអាចលើកទឹកចិត្តយើង ក្រៅពីយើងលើកទឹកចិត្តខ្លួនឯងទេ។
* មានចក្ខុវិស័យ៖ ដើម្បីសម្រេចក្ខុវិស័យ លោកណែនាំឲ្យមានទស្សនៈវិស័យតូចៗ ហើយដើរតាមការរៀបចំ។ បើសិនជាគ្មានចក្ខុវិស័យ ការរីកចម្រើនរបស់ខ្លួន ក៏គ្មានដែរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាលសម្រាប់មន្រ្តីរាជការក្របខណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឲ្យដំណើរការ ការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

បើតាមមន្ត្រីក្រសួងវប្បធម៌ វគ្គបណ្តុះបណ្តាលនេះ គឺជាលទ្ធផលថ្មីមួយទៀតដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ចំណេះដឹងដល់មន្រ្តីរាជការ ឲ្យបានដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន ដែលនេះគឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់រូបត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ជាតិ និងជំរុញឲ្យវិស័យវប្បធម៌កាន់តែរីកចម្រើន និងប្រសើរឡើងថែមមួយកម្រិតទៀត ស្របតាមបញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្រ្តបញ្ចកោណ ដែលជាផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ៕