(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាគ្រឿងញៀន មិនមែនជារឿងដាច់ដោយឡែក របស់កម្ពុជានោះទេ តែវាជាបញ្ហាសកល ហើយសម្តេចធិបតី បានថ្លែងបន្ថែមថា ទោះគ្រឿងញៀនជាបញ្ហាសកល ក៏មិនត្រូវអស់សង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងវា ហើយបណ្តោយឲ្យវារាតត្បាតសង្គមកម្ពុជានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាគ្រឿងញៀនមាននៅគ្រប់ប្រទេសទាំងអស់ សូម្បីតែប្រទេសមានច្បាប់តឹង ដែលអ្នកជួញដូរ ត្រូវដាក់ទោសធ្ងន់ រហូតត្រូវប្រហារជីវិតចោល ក៏មានបញ្ហាគ្រឿងញៀនដែរ។ ប្រទេសមហាអំណាច បានចំណាយរាប់លានដុល្លារក្នុងមួយឆ្នាំ ក៏នៅប្រឈមបញ្ហានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែវាជាបញ្ហាស្មុគស្មាញ ហើយកាន់តែកើន បញ្ហានេះ វិវត្តលឿនរហ័ស។ និយាយបែបនេះ សួរថាកម្ពុជា ត្រូវលែងធ្វើការងារនោះទេ? និយាយបែបនេះ សួរថា យើងអស់សង្ឃឹមមែនទេ? អត់ទេ! យើងគ្មានជម្រើសទេ យើងមិនអាចឲ្យកម្ពុជា ២០ឆ្នាំ ២៥ឆ្នាំទៀត មិនទាន់បានអីផងគ្រឿងញៀនពេញហ្នឹងនោះទេ»

សម្តេចបន្តថា «គ្រប់គ្នាទាំងអស់ ឯកឧត្តម លោកជំទាវនៅទីនេះ មិនថាក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អង្គការសង្គមស៊ីវិល សុទ្ធតែមានប្រពន្ធកូនចៅ សុទ្ធតែខ្លួនឯងរស់នៅក្នុងសង្គម ផ្ទះរបស់យើងត្រូវព័ទ្ធដោយអ្នកផ្សេង ចរាចរណ៍ចល័តរាល់ថ្ងៃ។ យើងចង់ឲ្យស្រុកទេសរបស់ស្អាត ជាកន្លែងស្អាត ទៅដល់រឿងសន្តិសុខសង្គម។ បញ្ហាសន្តិសុខ ជាបញ្ហាសំខាន់ណាស់។ ដោយសារបញ្ហាចរាចរណ៍គ្រឿងញៀន កាន់តែប្រទាក់ក្រឡា វាកាន់តែទំនើប វាកាន់តែមានឥទ្ធិពល ពីមុនលក់ដោយដុំ ឥលូវប្រទាក់ក្រឡាគ្នា ជាប្រព័ន្ធអន្តរជាតិ។ យើងត្រូវទទួលស្គាល់កិច្ចការងារនេះ តែដូចខ្ញុំនិយាយអីចឹង យើងគ្មានជម្រើសក្រៅពីទប់ទល់ ប្រយុទ្ធប្រឆាំងជាមួយវា​ ដើម្បីអនាគតរបស់យើង»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

បើតាមបទបញ្ជានេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់លើកទី៩ ផងដែរ។

ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

* ១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

* ២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

* ៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕