(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការចូលរួមពីសំណាក់ ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហារួមរបស់យើង អាជ្ញាធរ-រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចមានតួនាទី កាតព្វកិច្ចក្នុងការដឹកនាំកសាងច្បាប់ អនុវត្ដដើម្បីទប់ស្កាត់ ប៉ុន្ដែមិនអាចធ្វើទៅរួចទេ បើសិនជាគ្មានការចូលរួម»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសមហាអំណាច ចាយលុយរាប់ពាន់លាន ក៏មិនទាន់ធ្វើបានដែល ចំពោះការលុបបំបាត់នូវបញ្ហាគ្រឿងញៀន បើសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ប្រទេសដែលមានច្បាប់ប្រហារជីវិតមនុស្ស ចំពោះអ្នកជួញដូរគ្រឿងញៀន ក៏នៅតែមានគ្រឿងញៀន ដូច្នេះវាទាមទារ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈការអប់រំ ការណែនាំ ហើយណែនាំធំបំផុត គឺណែនាំសាច់ញាតិ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាគ្រឿងញៀន គឺមានវិធានការច្បាប់ ទៅលើអ្នកលក់ដូរ និងអ្នកផលិត ប៉ុន្ដែអ្នកប្រើប្រាស់ ត្រូវចាត់ទុកជាជនរងគ្រោះ ដែលត្រូវទទួលការអប់រំ ណែនាំស្ដារនីតិសម្បទានឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគមន៍ ត្រូវចូលរួមសហការគ្នា ដើម្បីលុបបំបាត់នូវបញ្ហាគ្រឿងញៀន ហើយតួនាទីរបស់រាជរដ្ឋាភិបាល-អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែជាតួអង្គសំខាន់ ដើម្បីដោះស្រាយនូវបញ្ហានេះ។

សូមជម្រាបថា គ្រឿងញៀន បានក្លាយទៅជាបញ្ហា ដ៏គួរឲ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើប្រាស់មានសភាពកាន់ធ្ងន់ធ្ងរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការដ៏ចាំបាច់មួយ សម្រាប់កិច្ចការសន្តិសុខសង្គម ហើយសម្តេចបានដាក់ចេញបទបញ្ជាក្តៅ ឲ្យ អាជ្ញាធរពាក់ព័ន្ធរួមគ្នា ប្រយុទ្ធប្រឆាំង ឲ្យមានប្រសិទ្ធភាព៕