(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានជូនព័ត៌មានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា តាមព័ត៌មានបឋមទទួលបានពីអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃនៅស្រុកម៉ាខាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រី ១នាក់) បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ត Van ពីទីក្រុងបាងកកទៅកាន់ព្រំដែន កម្ពុជា-ថៃ ដោយឆ្លងកាត់តាមខេត្តចន្ទបុរី។

ពលរដ្ឋខ្មែរទាំង ៣ រូបខាងលើ បានរងរបួសស្រាលនិងទទួលបានការព្យាបាលបឋម មុននឹងត្រូវបានផ្ទេរតាមរថយន្តក្រុមហ៊ុនទេសចរណ៍មួយទៀត ដើម្បីត្រឡប់ទៅកម្ពុជាវិញ។ ប៉ុន្តែ អាស្រ័យដោយរបាយការណ៍ខាងលើ និងព័ត៌មានផ្សព្វផ្សាយដោយប្រព័ន្ធឃោសនារបស់ថៃមិនស្របគ្នា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានធ្វើដំណើរចុះទៅពិនិត្យនៅទីតាំងផ្ទាល់ ហើយនឹងផ្ដល់ព័ត៌មានបន្ថែមជាក់លាក់តាមក្រោយ៕