(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋស្រុកមេមត់ ចំនួន២៧៣នាក់ ប្រព្រឹត្តទៅនៅវត្តទួលវិហារ ក្នុងភូមិរបងច្រុះ ឃុំជាំក្រវៀន​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។

លោកបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់នូវបេសកកម្មជាប្រវត្តិសាស្ត្រចម្បងៗ ចំនួនពីរគឺ៖ 

*ទី១៖ រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។    

*ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ ភាពធន់នៃវិស័យសេដ្ឋកិច្ច ភាពធន់នៃវិស័យហិរញ្ញវត្ថុ ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាននិងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងពិធីសំណេះសំណាល លោកបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ រួមមាន៖ មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និង ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នេះ នឹងបន្តពង្រឹង និងពង្រីកការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

បន្ទាប់ពីពិធីសំណេះសំណាលនេះដែរ លោកបណ្ឌិត ម៉ឹង មករា ក៏បានដឹកនាំក្រុមការងារ ចុះទៅទស្សនាសាលាស្រុកមេមត់ រួចបន្តទស្សនកិច្ច និងពិនិត្យស្ថានភាពទូទៅរបស់សហគមន៍ម្រេច និងទស្សនាទីទីកន្លែងប្រសូតរបស់ សម្តេចធិបតី នៅខាងត្បូងវត្តសំរោង ក្នុងភូមិសំរោង ឃុំទ្រៀក ស្រុកមេមត់ ផងដែរ។

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ម៉ឹង មករា បានដាក់ចុះនូវគោលជំហរ និងផែនការជាយុទ្ធសាស្ត្រក្នុងការគាំទ្រ រួមចំណែកជាមួយ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឲ្យមានប្រសិទ្ធភាព ដើម្បីធានាឲ្យបាននូវកំនើនសេដ្ឋកិច្ចជាតិ បង្កើនការងារ ឲ្យបានច្រើនជូនប្រជាពលរដ្ឋ សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕