(ប៊ុយដាប៉ែស)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សកាន់អំណាចនៅប្រទេសហុងគ្រី បាននិយាយនៅថ្ងៃអង្គារនេះថា ហុងគ្រីនឹងបោះឆ្នោតស្តីពីការផ្តល់សច្ចាប័ន ចំពោះសមាជិកភាពអង្គការណាតូ (NATO) របស់ស៊ុយអែត នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Mate Kocsis ប្រធានក្រុមសមាជិកសភាបក្សកាន់អំណាច Fidesz នៅក្នុងសភាហុងគ្រី បានប្រកាសដូច្នេះថា «សម័យប្រជុំរបស់សភា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងរួមបញ្ចូលទៅក្នុងរបៀបវារៈ នូវការបោះឆ្នោតសម្រេចចុងក្រោយ ស្តីពីការផ្តល់សច្ចាប័នចំពោះពាក្យស្នើសុំ​ចូលជាសមាជិក NATO របស់ស៊ុយអែត ដែលក្រុមសមាជិកសភា នៃគណបក្សរបស់យើង មានបំណងធ្វើការគាំទ្រ»។ ហុងគ្រីគឺជាសមាជិក NATO ចុងក្រោយគេបង្អស់ ដែលមិនទាន់ផ្តល់សច្ចាប័ន ចំពោះសមាជិកភាពរបស់ស៊ុយអេត។

គួរបញ្ជាក់ថា ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ស៊ុយអែតបានដាក់សំណើចង់ចូលរួមជាមួយ NATO នៅខែឧសភា ឆ្នាំដដែល ពោលគឺពេលដំណាលគ្នាជាមួយហ្វាំងឡង់។ រីឯតួកគីក៏បានអូសបន្លាយការផ្តល់សច្ចាប័នយូរផងដែរ គឺទើបតែធ្វើយ៉ាងដូច្នោះ កាលពីខែមករាកន្លងទៅប៉ុណ្ណោះ។ ដោយឡែក ផ្ទុយពីស៊ុយអែត ហ្វាំងឡង់បានក្លាយជាសមាជិក NATO ជាផ្លូវការ តាំងតែពីខែមេសា ឆ្នាំ២០២៣៕

រូបភាពពី Reuters