(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាល និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងក្រុមគ្រូពេទ្យបេះដូងជប៉ុន ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា (Dr.Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុនប្រចាំនៅកម្ពុជា ដែលបានមកពិនិត្យ ព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ជា សុផារ៉ា បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ពីបញ្ហាជីវភាព សុខុមាលភាព និងសេចក្តីសុខរបស់បងប្អូនគ្រប់កាលៈទេសៈ។

លោក ជា សុផារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអស់ ដែលកន្លងបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ បំពេញបេសសកម្មថែទាំសុខភាពសាធារណៈ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោក ជា សុផារ៉ា បានណែនាំថា គ្រូពេទ្យដែលល្អជំនាញច្បាស់លាស់ ទាមទារមានក្រមសីលធម៌វិជ្ជាជីវៈ មាននូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ ផ្លាល់ប្តូរបទពិសោធន៍ និងធ្វើទំនើបកម្មជាប់ ជាប្រចាំទាំងលើចំណេះដឹងបច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលដើរទាន់រាល់ការវិវឌ្ឍន៍ឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ធានាបាននូវប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការពិនិត្យ និងព្យាបាល។

លោក ជា សុផារ៉ា លើកឡើងថា គ្រូពេទ្យ ប្រៀបដូចជាទេវតា ដែលជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីសេចក្តីស្លាប់៕