(កំពង់ចាម)៖ នាយករដ្ឋបាលសាលាខេត្តកំពង់ចាមលោក ឃន ប្រុស បានប្រកាសដល់ម្ចាស់ក្រុមហ៊ុនម៉ៅការចំនួន៥៧ ឲ្យបឈ្ឈប់រាល់សកម្មភាពបង្កភាពរញ៉េរញ៉ៃ ក្នុងបន្ទប់ដេញថ្លៃមូលនិធិរបស់ឃុំ/សង្តាត់ និងក្រុង/ស្រុក ប្រសិនបើកើតឡើងដោយក្រុមហ៊ុនណាមួយ អាជ្ញាធរនឹងដាក់ឈ្មោះចូលទៅក្នុងបញ្ជីរខ្មៅ លែងឲ្យក្រុមហ៊ុនមួយនោះដេញជារៀងរហូត។

លោកនាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាលតូចសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងលោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនដេញថ្លៃក្នុងខេត្តកំពង់ចាមចំនួន៥៧ក្រុមហ៊ុនផងដែរ។

លោក ឃន ប្រុស បានប្រាប់ម្ចាស់ក្រុមហ៊ុនទាំង៥៧ សូមបញ្ឈប់រាល់សកម្មភាព ដែលបង្កភាពរញ៉េរញ៉ៃក្នុងបន្ទប់ដេញថ្លៃមូលិធិ ឃុំ/សង្តាត់ និងក្រុង/ស្រុក បន្តទៅទៀត ប្រសិនបើអាជ្ញាធររកឃើញថា ភាពមិនប្រក្រតីរបស់ ក្រុមហ៊ុនមួយណា ក្នុងបន្ទប់ដេញថ្លៃ នោះមន្រ្តីជំនាញរបស់សាលាខេត្ត ដែលជាអ្នកសង្កេតការណ៍នៅទីនោះ នឹងកត់ត្រាទុក ហើយដាក់ឈ្មោះក្រុមហ៊ុនចូលទៅក្នុងបញ្ជីរខ្មៅតែម្តង។

លោកនាយករដ្ឋបាល បានបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនដេញថ្លៃទាំងអស់ ដែលមកប្រជុំនៅទីនេះ សូមកុំគិតថាក្រុមហ៊ុនរបស់ខ្លួនបានដាក់ចូលបញ្ជីខ្មៅរួចហើយ បែរជាទៅបង្តើតក្រុមហ៊ុនថ្មី ដើម្បីឲ្យរួចផុតពីបញ្ជីខ្មៅឲ្យសោះ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះតែខាងមន្រ្តីសាលាខេត្ត ធ្វើកិច្ចការងាមួយនេះនៅកន្លែងដេញថ្លៃជាររៀងរហូត ពោលប្រសិនបើប្រទះឃើញមនុស្សដដែលនោះ មន្ត្រីយើងនឹងមានវិធានការ។

ម្យ៉ាងទៀត បន្ទាប់ពីក្រុមហ៊ុនរបស់បងប្អូនដាក់ចូលទៅបញ្ជីរខ្មៅហើយនោះ ខាងរដ្ឋបាលសាលាខេត្ត នឹងរុញព័ត៌មានឲ្យគ្រប់រាជធានីខេត្តទាំងអស់ ឲ្យបានដឹងថាក្រុមហ៊ុនរបស់អ្នកស្ថិតក្នុងបញ្ជីខ្មៅ។

ដូច្នេះដើម្បីរក្សាកិត្តិយស និងការប្រកបមុខរបរដោយថ្លៃថ្នូរ សូមបងប្អូនម្ចាស់ក្រុមហ៊ុនទាំងអស់ គោរពនីតិវិធីនៃការដេញថ្លៃ រក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ ក្នុងពេលដេញថ្លៃ ដើម្បីធ្វើឲយការដេញថ្លៃមូលនិធិ ឃុំ សង្កាត់ ដំណើរការទៅប្រកបដោយតម្លាភាព និងគណនេយ្យភាព៕