(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកបដិសេធថាវីដេអូដែលបង្ហាញពីបុរសម្នាក់ជាគ្រូបង្រៀនបានប្រើអំពើហិង្សា លើកូនសិស្សនោះ គឺកើតឡើងនៅបរទេស មិនមែននៅកម្ពុជានោះឡើយ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ។

លោកបានបញ្ជាក់ទៀតថា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏មិនបានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួននោះដែរ ក្រោយស្រាវជ្រាវដឹងថាជាករណីកើតឡើងនៅបរទេស។

បើតាមអ្នកនាំពាក្យ, ថ្មីៗនេះមានគណនីហ្វេសបុកឈ្មោះ «គុណ ឪពុកម្តាយ» បានផុសព័ត៌មានថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមចាប់អ្នកដែលប្រើហិង្សា លើកុមារនៅក្នុងសាលារៀន ដែលការបង្ហោះខ្លឹមសារបែបនេះធ្វើឱ្យមហាជនមានការយល់ច្រឡំ។

លោក សំ វិច្ឆិកា ក៏សូមឱ្យម្ចាស់ផេកឈ្មោះ «គុណ ឪពុកម្តាយ ត្រូវលប់ចោលខ្លឹមសារនេះជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធី»