(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា លើជំនាញរដ្ឋបាលសាធារណៈនៅសាលាភូមិន្ទរដ្ឋបាល ជាអភិវឌ្ឍសមត្ថភាព ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្រ និងឥរិយាបថស្តង់ដារ ផ្អែកលើជំនាញរដ្ឋបាលធារណៈ និងជាការអភិវឌ្ឍន៍ធនធានមនុស្សឱ្យស្របនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

លោកស្រី ពុំ ចន្ទីនី បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ នាសាលតេជោសន្តិភាព ជាន់ទី២ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល រួមទាំងមានសិក្ខាកាមជាច្រើនទៀត។

បើតាមលោកស្រី ពុំ ចន្ទីនី មន្ត្រី/បុគ្គលិកកាកបាទក្រហមកម្ពុជា ដែលបានចុះឈ្មោះចូលរួមវគ្គនេះសុទ្ធតែមានបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ តែមិនធ្លាប់បានរៀនជំនាញរដ្ឋបាលសាធារណៈនេះទេ អ្នកខ្លះបំពេញការងារជាង៣០ឆ្នាំ ខ្លះជាង២០ឆ្នាំ ខ្លះជាង១០ឆ្នាំ តែអ្នកកាន់ការងារនេះមានតិចតួច ហើយអាចបំពេញការងារបានក៏ដោយឈរលើបទពិសោធន៍តាំងពីយូរអង្វែង មិនដែល បានរៀនចំណេះដឹងជាក់លាក់ មានរបៀបរៀបរយតាមក្បួនខ្នាតរដ្ឋបាលត្រឹមត្រូវទេ ហេតុដូចនេះហើយទើបកាកបាទក្រហមកម្ពុជា ស្នើសុំវគ្គនេះដើម្បីជាមូលដ្ឋានរួមក្នុងការអនុវត្តឱ្យមានរបៀបរៀបរយ ស្តង់ដារតែមួយជាមួយនឹងរាជរដ្ឋាភិបាល។

លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ទៀតថា ហេតុផលមួយទៀតដែលកាកបាទក្រហមកម្ពុជាស្នើសុំវគ្គនេះ គឺដោយសារត្រូវបន្ថែមនូវគុណតម្លៃរបស់មន្ត្រី/បុគ្គលិកទាំង ដែលត្រូវបំពេញបង្គ្រប់ការងារ ភារកិច្ច ដែលអ្នកខ្លះត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់ ក៏ដូចជាត្រូវបំប៉នសមត្ថភាពផ្នែកការងារនេះឱ្យទាន់សម័យកាល ស្របតាមស្ដង់ដារការងាររបស់រាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀតការបំពេញការងារមនុស្សធម៌នេះ កាកបាទក្រហមកម្ពុជាត្រូវមានទំនាក់ទំនងនិងការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានលើគ្រប់វិស័យ ជាពិសេសមុខងាររដ្ឋបាលនេះដូចបាយសម្ល របស់កាកបាទក្រហមកម្ពុជា អាស្រ័យដោយត្រូវទំនាក់ទំនងគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានោះក្នុងនាមថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានរបស់កាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ ដែលអនុញ្ញាតឱ្យមានវគ្គដ៏មានសារសំខាន់នេះដល់មន្ត្រី/បុគ្គលិក កាកបាទក្រហមកម្ពុជា និងក៏យកឱកាសនេះថ្លែងអំណរគុណលោករដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ដ្រី គណៈគ្រប់គ្រងវគ្គទាំងមូល ដែលនឹង ជ្រោមជ្រែងដល់ការ សិក្សារបស់ មន្ត្រី/បុគ្គលិក កាកបាទក្រហមកម្ពុជានេះផងដែរ។

លើកឡើងនាឱកាសនោះដែរលោក យក់ ប៊ុនណា បានសម្តែងនូវសេចក្តីដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខដល់អង្គពិធីទាំងមូល និងបានថ្លែងអំណរគុណជូនចំពោះលោកស្រី ពុំ ចន្ទីនី ដែលបានចាត់តាំងមន្ត្រីជាន់ខ្ពស់ចំនួន ១១នាក់ និងមន្ត្រីមធ្យមពីថ្នាក់ ប្រធានការិយាល័យចុះចំនួន ៤៩នាក់ ចូលរួមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីកាកបាទក្រហម ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

លោក យក់ ប៊ុនណា បានបន្ថែមថា នេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីក្រោមឱវាទរបស់កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យមនុស្សធម៌។

ទន្ទឹមនេះលោក យក់ ប៊ុនណា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលបន្ទុករៀបចំវគ្គនេះ ដែលមានលោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល ជាប្រធានក្រុមការងារ ព្រមទាំងគ្រូសម្របសម្រួល គ្រូជំនួយ និងសហការី ដែលបានចូលរួមរៀបចំ និងខិតខំសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះឱ្យអាចចាប់ដំណើរការបាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕