(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តល់ប័ណ្ណសរសើរ ជូនបណ្ដាញព័ត៌មាន Fresh News បន្ទាប់ពីបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក លឹម ជាវុត្ថា អគ្គនាយក និងជាស្ថានិកបណ្ដាញព័ត៌មាន Fresh News ជាអ្នកអញ្ជើញចូលរួមទទួលដោយផ្ទាល់ ក្នុងពិធីផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លិខិតសរសើរដែលប្រគល់ដោយឧបនាយករដ្ឋមន្ត្រី ស សុខា បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ អង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក»

សូមជម្រាបថា ជាប្រចាំថ្ងៃ បណ្ដាញព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា។ ជាមួយគ្នានេះ Fresh News នៅតែបន្តប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងផ្សព្វផ្សាយ អប់រំ ដើម្បីរួមចំណែកលុបបំបាក់គ្រឿងញៀននៅកម្ពុជា៕