(ភ្នំពេញ)៖ ក្នុងវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពីច្បាប់ថវិកាឆ្នាំ២០២៤ គ្រោងដោយធានានូវតុល្យភាពចំណូល និងចំណាយ។

ក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចាន់ សុធី បានបញ្ជាក់ថា ច្បាប់ថវិកាឆ្នាំ២០២៤ ត្រូវបានរៀបចំតាំងពីចុងនីតិកាលទី៦, ដោយឡែក ការអនុម័តត្រូវបានធ្វើឡើងក្នុងនីតិកាលទី៧។ ក្នុងន័យនេះ ច្បាប់ថវិកាឆ្នាំ២០២៤​មានលក្ខណៈពិសេសដោយឡែក ពីរយ៉ាង គឺ៖ ១)- ច្បាប់ថវិកាឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃហិរញ្ញវត្ថុសាធារណៈរឹងមាំ ដែលជាផ្លែផ្កានៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការសម្រេចបានលទ្ធផលយ៉ាងល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអគ្គមេបញ្ជាការតែមួយ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ២)- ច្បាប់ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងតម្រង់គោលដៅ​គាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ វៃឆ្លាត ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេស ការអនុវត្តគោលនយោបាយសំខាន់ៗ និងវិធានការជាក់ស្តែងនានា។

លោក ចាន់ សុធី បានគូសបញ្ជាក់ថា «គម្រោងថវិកាឆ្នាំ២០២៤ ត្រូវបានរៀបចំលើមូលដ្ឋានតុល្យភាព នៃចំណូល និងចំណាយ ដោយមិនមានការគ្រោងប្រើប្រាស់ប្រាក់សន្សំ របស់រាជរដ្ឋាភិបាលទៀតឡើយ»

បន្ថែមពីនោះទៀត លោក ចាន់ សុធី បានឱ្យដឹងថា ជាទិសដៅ ចាប់ផ្តើមពីឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមដាក់ឱ្យអនុវត្តនូវមូលនិធិបម្រុងហិរញ្ញវត្ថុ ដែលជាមូលនិធិប្រាក់សន្សំរបស់រដ្ឋ ដោយកាត់ទុកក្នុងទំហំពី ២ ទៅ ៤% នៃលទ្ធផលអនុវត្តចំណូលចរន្តថវិកាថ្នាក់ជាតិមួយឆ្នាំមុនឆ្នាំកំពុងអនុវត្តថវិកា ស្របតាមមាត្រា៣៥ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣។

លោក ចាន់ សុធី បានឱ្យដឹងទៀតថា គម្រោងថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរដោយផ្អែកលើសេណារីយូចំណូលមានលក្ខណៈសុទិដ្ឋិនិយម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណាយអាទិភាពចាំបាច់សម្រាប់ឆ្នាំ២០២៤ ជាពិសេស ដើម្បីឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ អាចបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្តរបស់ខ្លួន ប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។

លើសពីនោះទៀត លោក ចាន់ សុធី បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៤ ក៏បានត្រៀមលក្ខណៈរួចជាស្រេចដែរ ក្នុងការធ្វើវិចារណកម្ម ក្នុងករណីស្ថានភាពថវិកាមិនអំណោយផល ដែលចំណូលអាចមិនសម្រេច បានតាមផែនការ។

លោក ចាន់ សុធី បន្ដថា ទោះជាយ៉ាងនេះក្តី ដោយក្រេបជញ្ជក់ពីផលលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្របជាមួយ នឹងវិធានការកែទម្រង់មុតស្រួច និងម៉ឺងម៉ាត់ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី, សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកាន់តែមានសម្ទុះទៅមុខ ដោយសម្រេចបានលទ្ធផលតាមការរំពឹងទុក៕