(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ក្នុងខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើការចូលរួមកែលម្អនូវចំណុចខ្វះចន្លោះទាំងឡាយ ដោយមិនត្រូវមើលរំលង ក្នុងដំណើរការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ទាំងការផ្តល់សេវាថែទាំព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាពិសេស រួមទាំងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពជាផ្ទាំងរូបភាព និងវីដេអូខ្លីៗ ជាដើម។

ជាពិសេសការខិតខំលើការអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំ គឺជាឱកាសមួយបន្ថែមទៀតដែលពិតជាចូលរួមផ្តល់ចំណេះដឹងផ្នែកសុខភាពជូនដល់បងប្អូនសាធារណជន ដើម្បីកាន់តែងាយស្រួលក្នុងការមើលថែខ្លួនដោយខ្លួនឯង ក៏ដូចជាការចូលរួមសម្រេចចិត្តជាមួយក្រុមគ្រូពេទ្យលើវិធីសាស្ត្រនានាការពារសុខភាព និងក្រុមគ្រួសារ ឧទារហណ៍ការបង្ការរោគ ការបង្ការជំងឺឆ្លងផ្សេងៗ និងជំងឺរ៉ាំរ៉ៃមួយចំនួនមានជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីកជាដើម។

ក្នុងឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានស្នើពិនិត្យ និងរៀបចំផែនការឱ្យបានកាន់តែច្បាស់លាស់ និងសុក្រឹតបន្ថែមទៀត សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ដោយឈរលើគោលការណ៍ធានាឱ្យបានធនធានសម្ភារៈ ធនធានមនុស្សសមស្របទៅតាមតម្រូវការ និងកម្រិតសកម្មភាពនៃមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បន្ថែមពីនោះគឺត្រូវពង្រឹងនូវបញ្ញត្តិនៃទម្រង់ការងារ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបន្តង្រីកវិសាលភាពនៃវិស័យបណ្តុះបណ្តាលផ្នែកសុខាភិបាល តាមគ្រប់រូបភាព ពិសេសការផ្លាស់ប្តូរបទពិសោធន៍របស់យើងជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងពង្រឹងសេវាសុខាភិបាល នៅតាមមូលដ្ឋានជាប់ជាប្រចាំ។

កិច្ចប្រជុំខាងលើនេះរៀបចំតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕