(ពោធិ៍សាត់)៖ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុក បានអញ្ជើញជួប សំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកវាលវែង ចំនួន២៥រូប ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយមានការចូលរួមពី​លោក លោកស្រី សមាជិកព្រឹទ្ធសភា អនុប្រធានគណបក្សខេត្ត គណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួនទៀត។

លោក វង្ស អេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែង បានឱ្យដឹងថា សមាជិកសមាជិកាក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកវាលវែង ដែលជាអង្គបោះឆ្នោត សរុបមានចំនួន២៥រូប ក្នុងនោះស្រី៥រូប។ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត បានចាប់ផ្ដើពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះថ្ងៃទី២៤ ជាថ្ងៃស្ងប់ស្ងាត់ ហើយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃបោះឆ្នោត។

លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានសម្ដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងក្រុងពោធិ៍សាត់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច បម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។

លោកបានលើកឡើងពីសមិទ្ធផលធំៗ និងគម្រោងអភិវឌ្ឍខេត្តពោធិ៍សាត់នាពេលខាងមុខនេះ ដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ ផ្ដោតសំខាន់មកលើខេត្តពោធិ៍សាត់យ៉ាងខ្លាំង។ សូមចូលរួមសហការ ជាមួយគណបក្សនយោបាយដទៃ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយសេរី យុត្តិធម៌ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ឲ្យកាន់តែរឹងមាំឡើង។

លោកសូមឱ្យអង្គបោះឆ្នោតទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងបានអំពាវនាវ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេតាចាចផ្កា លេខរៀងទី១ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនាប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។

គួរជម្រាបជូនថា ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលបន្ទាប់ពីព្រះមហាក្សត្រ ពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាគឺជាប្រមុខរដ្ឋស្ដីទី។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជាការបោះឆ្នោតមួយ ដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ពិតមែនតែការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៍ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទះរបស់ប្រជាជន។

សម្រាប់ខេត្តពោធិ៍សាត់ គឺជាមណ្ឌលភូមិភាគទី៧ ដែលអង្គបោះឆ្នោតទូទាំងខេត្ត សរុបមានចំនួន៣១១នាក់ បូកនឹងតំណាងរាស្ត្រ០៤នាក់ទៀត សរុប៣១៥នាក់។ មណ្ឌលបោះឆ្នោតមានតែមួយកន្លែងប៉ុណ្ណោះ គឺមណ្ឌលធនធាន ការិយាល័យលេខ៧០០៥ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់៕